គម្ពីរសញ្ញាថ្មី

លូកា 11:7-17 Khmer Christian Bible (KCB)

7. សម្លាញ់​នោះ​ក៏​តប​ពីខាង​ក្នុង​មក​វិញ​ថា​ កុំ​រំខាន​ខ្ញុំ​អី​ ទ្វារ​ក៏​បាន​បិទ​រួច​ហើយ​ ឯ​កូនៗ​របស់​ខ្ញុំ​នៅ​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ​ ខ្ញុំ​មិន​អាច​ក្រោក​យក​អ្វី​ឲ្យ​អ្នក​បាន​ទេ។​

8. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ទោះបី​ជា​អ្នក​នោះ​មិន​ក្រោក​ឡើង​យក​អ្វី​ឲ្យ​គាត់​ ដោយព្រោះ​គាត់​ជា​សម្លាញ់​នឹង​គ្នា​ក៏​ដោយ​ ក៏​គង់តែ​អ្នក​នោះ​ក្រោក​ឡើង​យក​ឲ្យ​គាត់​តាម​សេចក្ដី​ត្រូវការ​ដោយ​ព្រោះ​ការ​ទទូច​សុំ​របស់​គាត់​ដែរ។​

9. ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សុំ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទទួល​ ចូរ​រក​ នោះ​អ្នក​រាល់គ្នា​នឹង​រក​ឃើញ​ ចូរ​គោះ​ នោះ​នឹង​បើក​ឲ្យ​អ្នក​រាល់គ្នា។​

10. ដ្បិត​អ្នកណា​សុំ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ​

11. តើ​មាន​ឪពុក​ណា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឲ្យ​ពស់​វែក​ដល់​កូន​ ពេល​កូន​សុំ​ត្រី​ដែរ​ឬ​ទេ?​

12. ឬ​ឲ្យ​ខ្យា​ដំរី​ដល់​កូន​ ពេល​កូន​សុំ​ពង​មាន់​ដែរ​ឬ​ទេ?​

13. ដូច្នេះ​បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​លើស​ជាង​នេះ​ទៅ​ទៀត!»​

14. ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​គ​ ពេល​វា​ចេញ​ហើយ​ មនុស្សគ​នោះ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​នឹក​អស្ចារ្យ​

15. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​មេ​អារក្ស​បេលសេប៊ូល​ទេ​តើ»​

16. អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​

17. ប៉ុន្ដែ​កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ឯ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​ដួល​រលំ​ហើយ​

សូមអានជំពូកពេញលេញ លូកា 11