គម្ពីរសញ្ញាថ្មី

លូកា 11:41-52 Khmer Christian Bible (KCB)

41. ដូច្នេះ​ចូរ​យក​របស់​នៅ​ខាង​ក្នុង​មក​ចែក​ទាន​ នោះ​របស់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់គ្នា។​

42. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ជា​ជីរ​អង្កាម​ រមៀត​ និង​បន្លែ​គ្រប់​មុខ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ល្មើស​លើ​សេចក្ដី​យុត្ដិធម៌​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។​ អ្នក​រាល់គ្នា​ត្រូវ​ប្រព្រឹត្ដ​តាម​សេចក្ដីទាំង​នេះ​ សេចក្ដី​ទាំង​នេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ល្មើស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​

43. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​អើយ​ ដ្បិត​អ្នក​រាល់គ្នា​ចូល​ចិត្ត​អង្គុយ​មុខគេ​ក្នុង​សាលា​ប្រជុំ​ ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន។​

44. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូចជា​ផ្នូរ​ដែល​គេ​មើល​មិន​ដឹង​ ហើយ​មនុស្ស​ក៏​ដើរ​ជាន់​លើ​ដោយ​មិន​ដឹងខ្លួន»​

45. មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ លោក​និយាយ​សេចក្ដី​ទាំង​នេះ​ គឺ​លោក​ត្មះ​តិះ​ដៀល​យើង​ដែរ»​

46. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «វេទនា​ដល់​អ្នក​រាល់គ្នា​ដែរ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​ដាក់​បន្ទុក​ធ្ងន់​ដែល​ពិបាក​ធ្វើ​តាម​លើ​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​បាន​យក​ម្រាម​ដៃ​ណា​មួយ​មក​ប៉ះ​បន្ទុក​ទាំង​នេះ​សោះ​ឡើយ។​

47. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ដ្បិត​អ្នក​រាល់គ្នា​សង់​ស្ដូប​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់។​

48. ដូច្នេះ​អ្នក​រាល់គ្នា​ជា​សាក្សី​ ហើយ​អ្នក​រាល់គ្នា​ក៏​យល់​ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នក​រាល់គ្នា​ដែរ​ គឺ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់​ពួកគេ​ ឯ​អ្នក​រាល់គ្នា​វិញ​សង់​ស្ដូប​ឲ្យ​ពួកគេ។​

49. ដូច្នេះ​ហើយ​ព្រះជាម្ចាស់​ក៏​បាន​មាន​បន្ទូល​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ថា​ យើង​នឹង​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​សាវក​ឲ្យ​ទៅ​ឯ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ ហើយ​បៀតបៀន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​

50. ដើម្បី​ឲ្យ​ឈាម​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើម​កំណើត​ពិភព​លោក​មក​ ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ​

51. គឺ​ចាប់​ពី​ឈាម​របស់​លោក​អេបិល​រហូត​ដល់​ឈាម​របស់​លោក​សាការី​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​កន្លែង​ថ្វាយ​តង្វាយ​ និង​ដំណាក់​របស់​ព្រះជាម្ចាស់។​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ។​

52. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដក​យក​កូន​សោរ​នៃ​ចំណេះ​ដឹង​ រួច​អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។​

សូមអានជំពូកពេញលេញ លូកា 11