គម្ពីរសញ្ញាថ្មី

លូកា 11:32-40 Khmer Christian Bible (KCB)

32. នៅ​គ្រា​ជំនុំជម្រះ​ អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ព្រោះ​គេ​បាន​ប្រែ​ចិត្ដ​ ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ ប៉ុន្ដែ​ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​នៅ​ទីនេះ​ស្រាប់​ហើយ។​

33. គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ទីកំបាំង​ ឬ​នៅ​ក្រោម​ថាំង​ទេ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​អាច​មើល​ឃើញ​ពន្លឺ​នោះ។​

34. ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូបកាយ​របស់​អ្នក​ទាំងមូល​នឹង​ភ្លឺ​ ប៉ុន្ដែ​ពេល​ភ្នែក​របស់​អ្នក​មិន​ល្អ នោះ​រូបកាយ​របស់​អ្នក​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង។​

35. ដូច្នេះ​ចូរ​ពិចារណា​ចុះ​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​អ្នក​ប្រែ​ជា​សេចក្ដី​ងងឹត​

36. ហើយ​បើ​រូបកាយ​ទាំងមូល​របស់​អ្នក​ភ្លឺ​ឥត​មាន​ងងឹត​ត្រង់​ណា​សោះ​ នោះ​រូបកាយ​ទាំងមូល​ក៏​ភ្លឺ​ដូចជា​នៅ​ពេល​ដែល​ពន្លឺ​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»​។​

37. ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​បាន​ទូល​សូម​ឲ្យ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​គាត់​ ព្រះអង្គ​ក៏​ចូល​ទៅ​អង្គុយ​នៅ​តុ​អាហារ។​

38. ពេល​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ឃើញ​ដូច្នេះ​ គាត់​ក៏​ងឿង​ឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​នៅ​មុន​ពេល​បរិភោគ​អាហារ។​

39. ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​រាល់គ្នា​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​សំអាត​ពែង​ និង​ចាន​តែ​ខាង​ក្រៅ​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​វិញ​ ពេញ​ដោយ​សេចក្ដី​លោភលន់​ និង​សេចក្ដី​អាក្រក់។​

40. ពួក​មនុស្ស​ល្ងង់​អើយ!​ ព្រះ​ដែល​បាន​បង្កើត​ខាង​ក្រៅ​ តើ​ព្រះអង្គ​មិន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ?​

សូមអានជំពូកពេញលេញ លូកា 11