គម្ពីរសញ្ញាថ្មី

លូកា 11:15-30 Khmer Christian Bible (KCB)

15. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​មេ​អារក្ស​បេលសេប៊ូល​ទេ​តើ»​

16. អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​

17. ប៉ុន្ដែ​កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ឯ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​ដួល​រលំ​ហើយ​

18. បើ​អារក្ស​សាតាំង​បែកបាក់​គ្នា​វា​ តើ​នគរ​របស់​ពួកវា​នឹង​ស្ថិត​ស្ថេរ​យ៉ាង​ដូច​ម្ដេច​បាន?​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​

19. ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ពួកគេ​នឹង​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា​

20. ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

21. នៅ​ពេល​មនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​ នោះ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​មុខជា​គង់​វង្ស។​

22. ប៉ុន្ដែ​នៅពេល​មនុស្ស​ខ្លាំង​ជាង​គាត់​មក​យក​ឈ្នះ​លើ​គាត់​ អ្នក​នោះ​នឹង​ដក​យក​អាវុធ​ជា​ទី​ទុក​ចិត្ដ​របស់​គាត់​ចេញ​ រួច​ក៏​យក​របស់​ដែល​ប្លន់​បាន​ទៅ​ចែក​គ្នា​ទៀត​ផង។​

23. អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​

24. ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែងរក​កន្លែង​សម្រាក​នៅ​ទី​ហួតហែង​ ប៉ុន្ដែ​រក​មិន​បាន​ នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ​

25. ហើយ​ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​ផ្ទះ​នោះ​បោស​ស្អាត​ ទាំង​មាន​របៀប​ផង​

26. នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​

27. នៅ​ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ មាន​ស្ដ្រី​ម្នាក់​បន្លឺ​សំឡេង​ពី​ក្នុង​ចំណោម​បណ្ដាជន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ ម្ដាយ​ណា​ដែល​បាន​បង្កើត​អ្នក​ និង​បាន​បំបៅ​អ្នក»។​

28. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «គឺ​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​កាន់​តាម​ទេ​តើ​ ដែល​មាន​ពរ»។​

29. កាល​បណ្ដាជន​កំពុង​ជួប​ជុំ​គ្នា​ច្រើន​ឡើងៗ​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖​ «ជំនាន់​នេះ​ជា​ជំនាន់​អាក្រក់​ណាស់​ គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស​

30. ដ្បិត​លោក​យ៉ូណាស​បាន​ត្រលប់​ជា​ទីសំគាល់​មួយ​ដល់​អ្នក​ក្រុង​នីនីវេ​ជា​យ៉ាង​ណា​ កូន​មនុស្ស​ក៏​នឹង​ត្រលប់​ជា​ទី​សំគាល់​មួយ​ដល់​ជំនាន់​នេះ​ជា​យ៉ាង​នោះ​ដែរ។​

សូមអានជំពូកពេញលេញ លូកា 11