គម្ពីរសញ្ញាថ្មី

លូកា 11:1-15 Khmer Christian Bible (KCB)

1. ថ្ងៃមួយ​ កាល​ព្រះយេស៊ូ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ​ ហើយ​ពេល​អធិស្ឋាន​ចប់​ សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិស្ឋាន​ដូចជា​លោក​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ»។​

2. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​និយាយ​ថា​ ឱ​ ព្រះវរបិតា​អើយ!​ សូម​ឲ្យ​ព្រះ​នាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​ សូម​ឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មក​ដល់។​

3. សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​។​

4. សូម​លើកលែង​ទោស​បាប​របស់​យើង​ខ្ញុំ​ ដ្បិត​យើង​ខ្ញុំ​ក៏​បាន​លើកលែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ​ ហើយ​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»។​

5. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «សន្មត​ថា​ ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​អ្នកណា​ម្នាក់​មាន​សម្លាញ់​ ហើយ​អ្នក​នោះ​បាន​មក​រក​សម្លាញ់​របស់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ និង​បាន​និយាយ​ថា​ សម្លាញ់​អើយ!​ ឲ្យ​ខ្ញុំ​ខ្ចី​នំប៉័ង​បី​ដុំ​មក​

6. ដ្បិត​សម្លាញ់​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លេង​ខ្ញុំ​ ហើយ​ខ្ញុំ​គ្មាន​អ្វី​រៀបចំ​ទទួល​គាត់​ទេ។​

7. សម្លាញ់​នោះ​ក៏​តប​ពីខាង​ក្នុង​មក​វិញ​ថា​ កុំ​រំខាន​ខ្ញុំ​អី​ ទ្វារ​ក៏​បាន​បិទ​រួច​ហើយ​ ឯ​កូនៗ​របស់​ខ្ញុំ​នៅ​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ​ ខ្ញុំ​មិន​អាច​ក្រោក​យក​អ្វី​ឲ្យ​អ្នក​បាន​ទេ។​

8. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ទោះបី​ជា​អ្នក​នោះ​មិន​ក្រោក​ឡើង​យក​អ្វី​ឲ្យ​គាត់​ ដោយព្រោះ​គាត់​ជា​សម្លាញ់​នឹង​គ្នា​ក៏​ដោយ​ ក៏​គង់តែ​អ្នក​នោះ​ក្រោក​ឡើង​យក​ឲ្យ​គាត់​តាម​សេចក្ដី​ត្រូវការ​ដោយ​ព្រោះ​ការ​ទទូច​សុំ​របស់​គាត់​ដែរ។​

9. ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សុំ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទទួល​ ចូរ​រក​ នោះ​អ្នក​រាល់គ្នា​នឹង​រក​ឃើញ​ ចូរ​គោះ​ នោះ​នឹង​បើក​ឲ្យ​អ្នក​រាល់គ្នា។​

10. ដ្បិត​អ្នកណា​សុំ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ​

11. តើ​មាន​ឪពុក​ណា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឲ្យ​ពស់​វែក​ដល់​កូន​ ពេល​កូន​សុំ​ត្រី​ដែរ​ឬ​ទេ?​

12. ឬ​ឲ្យ​ខ្យា​ដំរី​ដល់​កូន​ ពេល​កូន​សុំ​ពង​មាន់​ដែរ​ឬ​ទេ?​

13. ដូច្នេះ​បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​លើស​ជាង​នេះ​ទៅ​ទៀត!»​

14. ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​គ​ ពេល​វា​ចេញ​ហើយ​ មនុស្សគ​នោះ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​នឹក​អស្ចារ្យ​

15. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​មេ​អារក្ស​បេលសេប៊ូល​ទេ​តើ»​

សូមអានជំពូកពេញលេញ លូកា 11