គម្ពីរសញ្ញាថ្មី

លូកា 1:49-64 Khmer Christian Bible (KCB)

49. ព្រោះ​ព្រះ​ដ៏​មាន​អំណាច​បាន​ធ្វើ​ការ​អស្ចារ្យ​ដល់​ខ្ញុំ​ ហើយ​ព្រះនាម​ព្រះអង្គ​ក៏​បរិសុទ្ធ​

50. សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះអង្គ​មាន​ដល់​អស់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ​រហូត​តរៀង​ទៅ​

51. ព្រះអង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​កំចាត់​កំចាយ​អំនួត​ចេញ​ពី​ក្នុង​ចិត្ដ​គំនិត​របស់​មនុស្ស​

52. ព្រះអង្គ​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​របស់​គេ ហើយ​លើក​តម្កើង​អ្នក​ទន់ទាប​

53. ហើយ​បំពេញ​អស់​អ្នក​ស្រេក​ឃ្លាន​ដោយ​សេចក្ដី​ល្អ​ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ​

54. ដោយ​នឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា​ ព្រះអង្គ​ជួយ​អ៊ីស្រាអែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​

55. ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់​យើង​ គឺ​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​រហូត​ត​រៀង​មក»។​

56. នាង​ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​នាង​អេលីសាបិត​ប្រហែល​បី​ខែ​ ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។​

57. កាល​នាង​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ នាង​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់។​

58. ពេល​អ្នក​ជិតខាង​ និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ ព្រះអម្ចាស់​បាន​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សម្បើម​ដល់​នាង​ ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​

59. លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​បី​ ពួកគេ​បាន​មក​ដើម្បី​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ទារក​នោះ​ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​ សាការី​ តាម​ឈ្មោះ​របស់​ឪពុក​

60. ប៉ុន្ដែ​ម្ដាយ​របស់​ទារក​នោះ​ឆ្លើយ​ថា៖​ «ទេ​ ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ»។​

61. ពួកគេ​និយាយ​ទៅ​នាង​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​សាច់​ញាតិ​អ្នក​មាន​ឈ្មោះ​ហ្នឹង​ទេ»​

62. ហើយ​ពួកគេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក​របស់​ទារក​នោះ​ថា​ តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី។​

63. គាត់​ក៏​សុំ​ក្ដារ​ឆ្នួន​មួយ​ ហើយ​សរសេរ​ថា​ ឈ្មោះ​របស់​ទារក​នេះ​គឺ​ យ៉ូហាន។​ គេ​គ្រប់គ្នា​ក៏​នឹក​អស្ចារ្យ។​

64. រំពេច​នោះ​មាត់​ និង​អណ្ដាត​របស់​គាត់​បាន​ហើប​ឡើង​ គាត់​ក៏​ពោល​សរសើរ​តម្កើង​ព្រះជាម្ចាស់​

សូមអានជំពូកពេញលេញ លូកា 1