គម្ពីរសញ្ញាថ្មី

លូកា 1:35-46 Khmer Christian Bible (KCB)

35. ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​

36. ហើយ​មើល៍!​ នាង​អេលីសាបិត​សាច់ញាតិ​របស់​នាង​ក៏​មាន​គភ៌​ជា​កូន​ប្រុស​ម្នាក់​ដែរ​ ក្នុង​វ័យ​ចាស់​ជរា​ និង​ក្នុង​កាល​ដែល​គេ​ហៅ​ថា​ស្ត្រី​អារ​ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ​

37. ដ្បិត​គ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។​

38. នាង​ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖​ «មើល៍​ នាងខ្ញុំ​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​ សូម​ឲ្យ​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​សំដី​របស់​លោក​ចុះ!»​ រួច​ទេវតា​ក៏​ចាកចេញ​ពី​នាង​ទៅ។​

39. នៅ​គ្រា​នោះ​ នាង​ម៉ារា​ក៏​ក្រោកឡើង​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ដោយ​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​យូដា​

40. រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​សាការី​ ហើយ​បាន​ជម្រាប​សួរ​នាង​អេលីសាបិត។​

41. ពេល​នាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា​ ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះ​ឡើង​ ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​

42. រួច​នាង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អ្នក​មាន​ពរ​ណាស់​ក្នុង​ចំណោម​ពួក​ស្ដ្រី​ ឯ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺ​ជា​ព្រះពរ​ហើយ​

43. តើ​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ហ្ន៎​ បាន​ជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ​មក​ឯ​ខ្ញុំ​ដូច្នេះ?​

44. ព្រោះ​មើល៍​ ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮ​ដល់​ត្រចៀក​ខ្ញុំ​ ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ​

45. ស្ដ្រី​ណា​ដែល​ជឿ​ថា​ សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​សម្រេច​ពិត​ប្រាកដ​មែន​ នោះ​មាន​ពរ​ហើយ»។​

46. រួច​នាង​ម៉ារា​តប​ថា៖​ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះអម្ចាស់​

សូមអានជំពូកពេញលេញ លូកា 1