គម្ពីរសញ្ញាថ្មី

លូកា 1:27-37 Khmer Christian Bible (KCB)

27. គឺ​ទៅ​ឯ​ស្ដ្រី​ព្រហ្មចារី​ម្នាក់​ ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ ហើយ​ស្ដ្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា‍។​

28. កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​

29. នាង​រារែក​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ​ និង​បាន​រិះ​គិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ​ថា​ តើ​មាន​ន័យ​ដូច​ម្ដេច។​

30. ប៉ុន្ដែ​ទេវតា​និយាយ​ទៅ​នាង​ថា៖​ «ម៉ារា​អើយ!​ កុំ​ខ្លាច​អី​ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​នាង​ណាស់​

31. មើល៍​ នាង​នឹង​មាន​គភ៌​ រួច​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ហើយ​នាង​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ​

32. កូន​នោះ​នឹង​ត្រលប់ជា​អ្នក​ដ៏​អស្ចារ្យ​ ហើយ​គេ​នឹង​ហៅ​កូន​នោះ​ថា​ ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ ឯ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​ប្រទាន​បល្ល័ង្ក​របស់​ស្ដេច​ដាវីឌ​ដែល​ជា​ដូនតា​ឲ្យ​ទៅ​ព្រះអង្គ​

33. រួច​ព្រះអង្គ​នឹង​គ្រប់​គ្រង​លើ​ពូជពង្ស​របស់​លោក​យ៉ាកុប​អស់​កល្ប​ជានិច្ច​ ហើយ​នគរ​របស់​ព្រះអង្គ​គ្មាន​ទីបញ្ចប់​ឡើយ»។​

34. ប៉ុន្ដែ​នាង​ម៉ារា​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ការ​នេះ​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច​ បើ​ខ្ញុំ​មិន​ទាន់​ស្គាល់​ប្រុស​ណា​ផង?»​

35. ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​

36. ហើយ​មើល៍!​ នាង​អេលីសាបិត​សាច់ញាតិ​របស់​នាង​ក៏​មាន​គភ៌​ជា​កូន​ប្រុស​ម្នាក់​ដែរ​ ក្នុង​វ័យ​ចាស់​ជរា​ និង​ក្នុង​កាល​ដែល​គេ​ហៅ​ថា​ស្ត្រី​អារ​ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ​

37. ដ្បិត​គ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។​

សូមអានជំពូកពេញលេញ លូកា 1