គម្ពីរសញ្ញាថ្មី

លូកា 1:20-28 Khmer Christian Bible (KCB)

20. មើល៍​ អ្នក​នឹង​គ​ ហើយ​មិន​អាច​និយាយ​បាន​ទេ​រហូត​ដល់​ថ្ងៃ​ដែល​សេចក្ដី​ទាំង​នេះ​កើត​ឡើង​ ព្រោះ​អ្នក​មិន​ជឿ​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​តាម​ពេល​កំណត់»។​

21. រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​

22. ហើយ​កាល​គាត់​ចេញ​មក​ គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ ដូច្នេះ​ពួកគេ​ដឹង​ច្បាស់​ថា​ គាត់​បាន​ឃើញ​ការ​ជាក់ស្ដែង​មួយ​នៅ​ក្នុង​ព្រះវិហារ​ ហើយ​គាត់​ធ្វើ​បាន​តែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅ​តែ​គ​ដដែល។​

23. លុះ​ក្រោយ​ពេល​បាន​បំពេញ​កិច្ចការ​ទាំងប៉ុន្មាន​ថ្ងៃ​របស់​គាត់​ចប់​សព្វ​គ្រប់​ហើយ​ គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​

24. ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អេលីសាបិត​ជា​ប្រពន្ធ​របស់​គាត់​ក៏​មាន​ផ្ទៃពោះ​ និង​បាន​លាក់​ខ្លួន​អស់​ប្រាំ​ខែ​ដោយ​និយាយ​ថា៖​

25. «ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ទត​ដោយ​សន្ដោស​ដក​យក​សេចក្តី​អាម៉ាស់​របស់​ខ្ញុំ​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស»។​

26. ដល់​ខែ​ទី​ប្រាំ​មួយ​ ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាពី្រយ៉ែល​ឲ្យ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ដែល​មាន​ឈ្មោះ​ថា​ ណាសារ៉ែត​

27. គឺ​ទៅ​ឯ​ស្ដ្រី​ព្រហ្មចារី​ម្នាក់​ ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ ហើយ​ស្ដ្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា‍។​

28. កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​

សូមអានជំពូកពេញលេញ លូកា 1