13. ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។
14. កូននោះនឹងក្លាយជាអំណរ និងជាសេចក្ដីរីករាយដល់អ្នក ឯមនុស្សជាច្រើននឹងត្រេកអរចំពោះកំណើតរបស់កូននោះ
15. ដ្បិតកូននោះនឹងត្រលប់ជាមនុស្សដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងឡើយ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយមក។
16. កូននោះនឹងនាំកូនចៅអ៊ីស្រាអែលជាច្រើនឲ្យត្រលប់មកឯព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ
17. ដ្បិតកូននោះនឹងទៅមុខមុនព្រះអង្គដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបង្វែរចិត្ដឪពុកមកឯកូន និងពួកមនុស្សមិនស្ដាប់បង្គាប់មកឯប្រាជ្ញារបស់មនុស្សសុចរិតដើម្បីរៀបចំប្រជារាស្ដ្រមួយជាស្រេចសម្រាប់ព្រះអម្ចាស់»។
18. លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ»
19. ទេវតាឆ្លើយទៅគាត់ថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកឈរនៅក្នុងព្រះវត្ដមានព្រះជាម្ចាស់ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសសេចក្ដីទាំងនេះប្រាប់អ្នក។
20. មើល៍ អ្នកនឹងគ ហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើង ព្រោះអ្នកមិនជឿពាក្យសំដីរបស់ខ្ញុំដែលនឹងសម្រេចតាមពេលកំណត់»។
21. រីឯប្រជាជនដែលកំពុងទន្ទឹងមើលលោកសាការី ពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុងព្រះវិហារ
22. ហើយកាលគាត់ចេញមក គាត់មិនអាចនិយាយទៅពួកគេបានសោះ ដូច្នេះពួកគេដឹងច្បាស់ថា គាត់បានឃើញការជាក់ស្ដែងមួយនៅក្នុងព្រះវិហារ ហើយគាត់ធ្វើបានតែសញ្ញាទៅពួកគេប៉ុណ្ណោះ ប៉ុន្ដែគាត់នៅតែគដដែល។
23. លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ
24. ហើយប៉ុន្មានថ្ងៃក្រោយមក អេលីសាបិតជាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ និងបានលាក់ខ្លួនអស់ប្រាំខែដោយនិយាយថា៖
25. «ព្រះអម្ចាស់បានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះក្នុងគ្រាដែលព្រះអង្គបានទតដោយសន្ដោសដកយកសេចក្តីអាម៉ាស់របស់ខ្ញុំចេញពីក្នុងចំណោមមនុស្ស»។
26. ដល់ខែទីប្រាំមួយ ព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេដែលមានឈ្មោះថា ណាសារ៉ែត
27. គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា។