គម្ពីរសញ្ញាថ្មី

លូកា 1:13-25 Khmer Christian Bible (KCB)

13. ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖​ «សាការី​អើយ!​ កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់​ឮ​សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ​ រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អ្នក​ ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។​

14. កូន​នោះ​នឹង​ក្លាយជា​អំណរ​ និង​ជា​សេចក្ដី​រីករាយ​ដល់​អ្នក​ ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូន​នោះ​

15. ដ្បិត​កូន​នោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ព្រះអម្ចាស់​ ​កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ និង​គ្រឿង​ស្រវឹង​ឡើយ​ ហើយ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។​

16. កូន​នោះ​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជាច្រើន​ឲ្យ​ត្រលប់​មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​វិញ​

17. ដ្បិត​កូន​នោះ​នឹង​ទៅ​មុខ​មុន​ព្រះអង្គ​ដោយ​វិញ្ញាណ​ និង​អំណាច​របស់​លោក​អេលីយ៉ា​ ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន​ និង​ពួក​មនុស្ស​មិន​ស្ដាប់​បង្គាប់​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​ជា​ស្រេច​សម្រាប់​ព្រះអម្ចាស់»។​

18. លោក​សាការី​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដី​នេះ​យ៉ាង​ដូច​ម្ដេច​បាន?​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចាស់​ ឯ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ»​

19. ទេវតា​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ ជា​អ្នក​ឈរ​នៅ​ក្នុង​ព្រះវត្ដមាន​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក។​

20. មើល៍​ អ្នក​នឹង​គ​ ហើយ​មិន​អាច​និយាយ​បាន​ទេ​រហូត​ដល់​ថ្ងៃ​ដែល​សេចក្ដី​ទាំង​នេះ​កើត​ឡើង​ ព្រោះ​អ្នក​មិន​ជឿ​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​តាម​ពេល​កំណត់»។​

21. រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​

22. ហើយ​កាល​គាត់​ចេញ​មក​ គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ ដូច្នេះ​ពួកគេ​ដឹង​ច្បាស់​ថា​ គាត់​បាន​ឃើញ​ការ​ជាក់ស្ដែង​មួយ​នៅ​ក្នុង​ព្រះវិហារ​ ហើយ​គាត់​ធ្វើ​បាន​តែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅ​តែ​គ​ដដែល។​

23. លុះ​ក្រោយ​ពេល​បាន​បំពេញ​កិច្ចការ​ទាំងប៉ុន្មាន​ថ្ងៃ​របស់​គាត់​ចប់​សព្វ​គ្រប់​ហើយ​ គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​

24. ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អេលីសាបិត​ជា​ប្រពន្ធ​របស់​គាត់​ក៏​មាន​ផ្ទៃពោះ​ និង​បាន​លាក់​ខ្លួន​អស់​ប្រាំ​ខែ​ដោយ​និយាយ​ថា៖​

25. «ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ទត​ដោយ​សន្ដោស​ដក​យក​សេចក្តី​អាម៉ាស់​របស់​ខ្ញុំ​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស»។​

សូមអានជំពូកពេញលេញ លូកា 1