គម្ពីរសញ្ញាថ្មី

លូកា 1:1-11 Khmer Christian Bible (KCB)

1. មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចង​ក្រង​រឿង​រ៉ាវ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​សម្រេច​នៅ​ក្នុង​ចំណោម​យើង​

2. គឺ​ទៅ​តាម​អស់​អ្នក​ជា​សាក្សី​ផ្ទាល់​ភ្នែក​តាំង​ពី​ដំបូង​ និង​បាន​ត្រលប់​ជា​អ្នកបម្រើ​ព្រះបន្ទូល​ដែល​បាន​ប្រគល់​ឲ្យ​យើង​

3. ដូច្នេះ​លោក​ថេវភីល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​អើយ!​ កាល​ដែល​ខ្ញុំ​សាក​សួរ​សព្វ​គ្រប់​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដំបូង​មក​ នោះ​ក៏​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ ដែល​សរសេរ​តាម​លំដាប់​លំដោយ​ជូន​ដល់​លោក​

4. ដើម្បី​ឲ្យ​លោក​ដឹង​ថា​ សេចក្ដី​ទាំងឡាយ​ដែល​លោក​បាន​រៀន​មក​នោះ​ ជា​ការ​ពិត​ប្រាកដ។​

5. នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​

6. ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​

7. ប៉ុន្ដែ​ពួកគេ​គ្មាន​កូន​សោះ​ ព្រោះ​អេលីសាបិត​ជា​ស្ដ្រីអារ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ។​

8. ថ្ងៃ​មួយ​ជា​វេន​ក្រុម​របស់​គាត់​ ហើយ​គាត់​ត្រូវ​បំពេញ​តួនាទី​ជា​សង្ឃ​នៅ​ចំពោះ​ព្រះជាម្ចាស់​

9. ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាប់​ឆ្នោត​ជ្រើស​រើស​ទៅ​តាម​ទំនៀម​ទម្លាប់​សង្ឃ​ដើម្បី​ចូល​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។​

10. នៅ​ពេល​កំពុង​ថ្វាយ​គ្រឿង​ក្រអូប​ និង​ប្រជាជន​ច្រើន​កុះករ​បាន​អធិស្ឋាន​ទាំង​អស់​គ្នា​នៅ​ខាង​ក្រៅ​

11. នោះ​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ ដោយ​ឈរ​នៅ​ខាងស្ដាំ​កន្លែង​ថ្វាយ​តង្វាយ​គ្រឿង​ក្រអូប។​

សូមអានជំពូកពេញលេញ លូកា 1