គម្ពីរសញ្ញាថ្មី

រ៉ូម 9:5-16 Khmer Christian Bible (KCB)

5. ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​

6. យ៉ាង​ណា​ក្ដី​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​មែន​មិន​បាន​សម្រេច​ទេ​ ព្រោះ​ជនជាតិ​អ៊ីស្រាអែល​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ជា​ជនជាតិ​អ៊ីស្រាអែល​ទេ​

7. ហើយ​ក៏​មិន​មែន​ដោយសារ​ពួកគេ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ ពួកគេ​សុទ្ធ​តែជា​កូនចៅ​របស់​គាត់​ដែរ​ ផ្ទុយ​ទៅ​វិញ​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ពូជពង្ស​ពី​អ៊ីសាក​នឹង​ត្រូវ​រាប់ជា​ពូជ​របស់​អ្នក»​

8. គឺ​កូន​ខាង​សាច់ឈាម​មិន​មែន​ជា​កូន​របស់​ព្រះជាម្ចាស់​ទេ​ ផ្ទុយ​ទៅ​វិញ​ កូន​ខាងឯ​សេចក្ដី​សន្យា​ទេ​តើ​ដែល​ត្រូវ​រាប់​ជា​ពូជពង្ស។​

9. ដ្បិត​ព្រះជាម្ចាស់​មានបន្ទូល​សន្យា​ថា៖​ «យើង​នឹង​មក​វិញ​តាម​ពេល​កំណត់​ ហើយ​សារ៉ា​នឹង​មាន​កូន​ប្រុស​ម្នាក់»។​

10. មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នៅ​ពេល​នាង​រេបិកា​មាន​ផ្ទៃ​ពោះ​ជាមួយ​បុរស​ម្នាក់​ គឺ​លោក​អ៊ីសាក​ជា​ដូនតា​របស់​យើង​ក៏ដូច្នោះ​ដែរ​

11. ទោះបី​កូន​ទាំងពីរ​នោះ​មិន​ទាន់​កើត​ និង​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ​ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ​ ដើម្បី​ឲ្យ​គម្រោង​ការ​នៃ​ការ​ជ្រើសរើស​ដែល​ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​

12. ដ្បិត​មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​ទេ​ គឺ​ដោយសារ​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​វិញ​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​នាង​ថា៖​ «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»​

13. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​ស្រឡាញ់​យ៉ាកុប​ ហើយ​ស្អប់​អេសាវ»។​

14. ដូច្នេះ​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​មាន​សេចក្ដី​ទុច្ចរិត​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​

15. ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖​ «យើង​នឹង​មេត្ដា​ចំពោះ​អ្នកណា​ដែល​យើង​មេត្ដា​ ហើយ​យើង​នឹង​អាណិត​អាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិត​អាសូរ»។​

16. ដូច្នេះ​ មិន​មែន​ស្រេច​លើ​អ្នកណា​ចង់​បាន​ ឬ​អ្នកណា​ខំ​រត់​រក​នោះ​ទេ​ គឺ​ស្រេច​លើ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដា​វិញ។​

សូមអានជំពូកពេញលេញ រ៉ូម 9