3. ដ្បិតខ្ញុំសុខចិត្ដត្រូវបណ្ដាសាឲ្យបែកចេញពីព្រះគ្រិស្ដ ដើម្បីបងប្អូនជនរួមជាតិខាងឯសាច់ឈាមរបស់ខ្ញុំ
4. គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ
5. ពួកគេមានដូនតា ហើយព្រះគ្រិស្ដបានប្រសូតខាងឯសាច់ឈាមពីពួកគេដែរ គឺព្រះអង្គនេះហើយជាព្រះលើទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន!
6. យ៉ាងណាក្ដី ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមិនបានសម្រេចទេ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាជនជាតិអ៊ីស្រាអែលទេ
7. ហើយក៏មិនមែនដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំ ពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរ ផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាកនឹងត្រូវរាប់ជាពូជរបស់អ្នក»
8. គឺកូនខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូនខាងឯសេចក្ដីសន្យាទេតើដែលត្រូវរាប់ជាពូជពង្ស។
9. ដ្បិតព្រះជាម្ចាស់មានបន្ទូលសន្យាថា៖ «យើងនឹងមកវិញតាមពេលកំណត់ ហើយសារ៉ានឹងមានកូនប្រុសម្នាក់»។
10. មិនត្រឹមតែប៉ុណ្ណោះ នៅពេលនាងរេបិកាមានផ្ទៃពោះជាមួយបុរសម្នាក់ គឺលោកអ៊ីសាកជាដូនតារបស់យើងក៏ដូច្នោះដែរ
11. ទោះបីកូនទាំងពីរនោះមិនទាន់កើត និងមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការនៃការជ្រើសរើសដែលស្របតាមបំណងរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ
12. ដ្បិតមិនមែនដោយសារការប្រព្រឹត្ដិទេ គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គវិញ ព្រះជាម្ចាស់បានមានបន្ទូលមកនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន»
13. ដូចមានសេចក្ដីចែងទុកថា៖ «យើងស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវ»។
14. ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មានសេចក្ដីទុច្ចរិតឬ? មិនមែនដូច្នោះទេ!
15. ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្ដាចំពោះអ្នកណាដែលយើងមេត្ដា ហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។
16. ដូច្នេះ មិនមែនស្រេចលើអ្នកណាចង់បាន ឬអ្នកណាខំរត់រកនោះទេ គឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។
17. ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល»
18. ដូច្នេះ ព្រះអង្គមេត្ដាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្ដរឹងរូស ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។