គម្ពីរសញ្ញាថ្មី

រ៉ូម 9:23-33 Khmer Christian Bible (KCB)

23. ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង​ បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​

24. គឺ​យើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​

25. ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖​ «យើង​នឹង​ហៅ​ប្រជារាស្ដ្រ​ដែល​មិន​មែន​ជា​រាស្ដ្រ​របស់​យើង​ថា​ ជា​រាស្ដ្រ​របស់​យើង​ ហើយ​ហៅ​អ្នក​ដែល​យើង​មិន​បាន​ស្រឡាញ់​ថា​ ជា​ទីស្រឡាញ់​របស់​យើង​

26. ព្រមទាំង​ត្រង់​កន្លែង​ដែល​បាន​ប្រកាស​ថា​ អ្នក​រាល់គ្នា​មិន​មែន​ប្រជារាស្ដ្រ​របស់​យើង​ទេ​ កន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ថា​ ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ»។​

27. ឯ​លោក​អេសាយ​វិញ​ គាត់​បាន​ប្រកាស​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «ទោះបី​កូន​ចៅ​របស់​ជនជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​សមុទ្រ​ក៏ដោយ​ ក៏​មាន​តែ​អ្នក​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹងបាន​សង្គ្រោះ​

28. ដ្បិត​ព្រះអម្ចាស់​នឹង​សម្រេច​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វគ្រប់​នៅ​លើ​ផែនដី​នេះ​ដោយ​មិន​បង្អង់​ឡើយ»។​

29. ដូច​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​ពីមុន​ថា៖​ «បើ​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ​មិន​ទុក​ពូជ​ឲ្យ​យើង​ទេ​ នោះ​យើង​បាន​ត្រឡប់​ដូចជា​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ជា​មិនខាន​ហើយ»។​

30. ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​សាសន៍​ដទៃ​ដែល​មិន​បាន​សង្វាត​រក​សេចក្ដី​សុចរិត​ទទួល​បាន​សេចក្ដី​សុចរិត​ ជា​សេចក្ដី​សុចរិត​ដោយសារ​ជំនឿ​

31. ឯ​ជនជាតិ​អ៊ីស្រាអែល​ដែល​សង្វាត​ធ្វើ​តាម​ក្រឹត្យវិន័យ​នៃ​សេចក្ដី​សុចរិត​វិញ​ ពួកគេ​មិន​បាន​សម្រេច​តាម​ក្រឹត្យវិន័យ​ឡើយ​

32. ហេតុអ្វី?​ ព្រោះ​ពួកគេ​ពឹង​លើ​ការប្រព្រឹត្ដិ​ មិន​មែន​ពឹង​លើ​ជំនឿ​ គឺ​ពួកគេ​បាន​ជំពប់​នឹង​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល​

33. ដូច​មាន​សេចក្ដី​ចែងទុក​ថា៖​ «យើង​បាន​ដាក់​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​រវាទ​ចិត្ដ​ ប៉ុន្ដែ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិន​ត្រូវ​ខក​ចិត្ដ​ឡើយ»។​

សូមអានជំពូកពេញលេញ រ៉ូម 9