គម្ពីរសញ្ញាថ្មី

រ៉ូម 9:15-27 Khmer Christian Bible (KCB)

15. ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖​ «យើង​នឹង​មេត្ដា​ចំពោះ​អ្នកណា​ដែល​យើង​មេត្ដា​ ហើយ​យើង​នឹង​អាណិត​អាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិត​អាសូរ»។​

16. ដូច្នេះ​ មិន​មែន​ស្រេច​លើ​អ្នកណា​ចង់​បាន​ ឬ​អ្នកណា​ខំ​រត់​រក​នោះ​ទេ​ គឺ​ស្រេច​លើ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដា​វិញ។​

17. ដ្បិត​ក្នុង​បទគម្ពីរ​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​ស្ដេច​ស្រុក​អេស៊ីព្ទ​ថា៖​ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​បង្ហាញ​អំណាច​របស់​យើង​តាមរយៈ​អ្នក​ និង​ដើម្បី​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​របស់​យើង​ពាសពេញ​ផែនដី​ទាំង​មូល»​

18. ដូច្នេះ​ ព្រះអង្គ​មេត្ដា​ដល់​អ្នកណា​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នកណា​មាន​ចិត្ដ​រឹងរូស​ ក៏​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ដែរ។​

19. អ្នក​មុខ​ជា​សួរ​ខ្ញុំ​ថា​ ចុះ​ហេតុអ្វី​ព្រះអង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត?​ ដ្បិត​តើ​អ្នកណា​ប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គ​បាន?​

20. ប៉ុន្ដែ​ ឱ​មនុស្ស​អើយ!​ តើ​អ្នក​ជា​អ្វីបានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​របស់​ដែល​ជាងស្មូន​បាន​សូន​ឡើង​នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា​ ហេតុអ្វី​បាន​ជា​អ្នក​សូន​ខ្ញុំ​ដូច្នេះ​ដែរ​ឬ?​

21. តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​សូន​ពី​ដីឥដ្ឋ​តែ​មួយ​ដុំ​ធ្វើ​របស់​មាន​តម្លៃ​មួយ​ និង​មួយ​ទៀត​គ្មាន​តម្លៃ​ទេ​ឬ?​

22. ចុះ​បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​បង្ហាញ​កំហឹង​ និង​ឲ្យ​គេ​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចំពោះរបស់​ដែល​ត្រូវ​រង​កំហឹង​ ដែល​រៀបចំ​សម្រាប់​បំផ្លាញ​នោះ​យ៉ាង​ដូចម្ដេច​ដែរ?​

23. ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង​ បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​

24. គឺ​យើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​

25. ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖​ «យើង​នឹង​ហៅ​ប្រជារាស្ដ្រ​ដែល​មិន​មែន​ជា​រាស្ដ្រ​របស់​យើង​ថា​ ជា​រាស្ដ្រ​របស់​យើង​ ហើយ​ហៅ​អ្នក​ដែល​យើង​មិន​បាន​ស្រឡាញ់​ថា​ ជា​ទីស្រឡាញ់​របស់​យើង​

26. ព្រមទាំង​ត្រង់​កន្លែង​ដែល​បាន​ប្រកាស​ថា​ អ្នក​រាល់គ្នា​មិន​មែន​ប្រជារាស្ដ្រ​របស់​យើង​ទេ​ កន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ថា​ ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ»។​

27. ឯ​លោក​អេសាយ​វិញ​ គាត់​បាន​ប្រកាស​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «ទោះបី​កូន​ចៅ​របស់​ជនជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​សមុទ្រ​ក៏ដោយ​ ក៏​មាន​តែ​អ្នក​ដែល​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹងបាន​សង្គ្រោះ​

សូមអានជំពូកពេញលេញ រ៉ូម 9