1. ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ មនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ
2. ថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយសោកសង្រេងក្នុងចិត្តមិនស្បើយសោះ
3. ដ្បិតខ្ញុំសុខចិត្ដត្រូវបណ្ដាសាឲ្យបែកចេញពីព្រះគ្រិស្ដ ដើម្បីបងប្អូនជនរួមជាតិខាងឯសាច់ឈាមរបស់ខ្ញុំ
4. គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ
5. ពួកគេមានដូនតា ហើយព្រះគ្រិស្ដបានប្រសូតខាងឯសាច់ឈាមពីពួកគេដែរ គឺព្រះអង្គនេះហើយជាព្រះលើទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន!
6. យ៉ាងណាក្ដី ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមិនបានសម្រេចទេ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាជនជាតិអ៊ីស្រាអែលទេ
7. ហើយក៏មិនមែនដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំ ពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរ ផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាកនឹងត្រូវរាប់ជាពូជរបស់អ្នក»
8. គឺកូនខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូនខាងឯសេចក្ដីសន្យាទេតើដែលត្រូវរាប់ជាពូជពង្ស។
9. ដ្បិតព្រះជាម្ចាស់មានបន្ទូលសន្យាថា៖ «យើងនឹងមកវិញតាមពេលកំណត់ ហើយសារ៉ានឹងមានកូនប្រុសម្នាក់»។