គម្ពីរសញ្ញាថ្មី

រ៉ូម 8:9-19 Khmer Christian Bible (KCB)

9. អ្នក​រាល់គ្នា​មិន​នៅ​ខាង​សាច់ឈាម​ទេ​ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ​ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ផ្ទុយ​ទៅ​វិញ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះគ្រិស្ត​ទេ​

10. ហើយ​បើ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទោះជា​រូបកាយ​របស់​អ្នក​រាល់គ្នា​ស្លាប់​ដោយសារ​បាប​ក៏ដោយ​ ក៏​វិញ្ញាណ​នៅ​មាន​ជីវិត​ដោយសារ​សេចក្ដី​សុចរិត​ដែរ​

11. ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​

12. ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​

13. ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​

14. ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដឹកនាំ​ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះជាម្ចាស់‍។​

15. អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​

16. ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​

17. បើ​យើង​ជា​កូន​ យើង​ជា​អ្នក​ស្នង​មរតក​ គឺ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​ស្នង​មរតក​រួម​ជាមួយ​ព្រះគ្រិស្ដ​ដែរ។​ ​បើ​យើង​រងទុក្ខ​វេទនា​ជាមួយ​ព្រះគ្រិស្ដ​ ក៏​យើង​ទទួល​សិរី​រុងរឿង​រួម​ជាមួយ​ព្រះអង្គ​ដែរ។​

18. ខ្ញុំ​យល់​ឃើញ​ថា​ ទុក្ខ​លំបាក​ពេល​បច្ចុប្បន្ន​នេះ​ជា​សេចក្ដី​ដែល​មិន​ស័ក្ដិសម​យក​ទៅ​ប្រៀបផ្ទឹម​ជាមួយ​សិរី​រុងរឿង​នៅ​ពេល​ខាង​មុខ​ ដែល​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​នោះ​ទេ​

19. ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​

សូមអានជំពូកពេញលេញ រ៉ូម 8