គម្ពីរសញ្ញាថ្មី

រ៉ូម 8:4-16 Khmer Christian Bible (KCB)

4. ដើម្បី​ឲ្យ​បញ្ញត្ដិ​របស់​ក្រឹត្យវិន័យ​បាន​សម្រេច​នៅ​ក្នុង​យើង​ ដែល​មិន​បាន​រស់នៅ​តាម​សាច់ឈាម​ ហើយ​រស់នៅ​តាម​ព្រះវិញ្ញាណ។​

5. ដ្បិត​អ្នកណា​រស់នៅ​តាម​សាច់ឈាម​ អ្នក​នោះ​គិត​តែ​អំពីខាង​សាច់ឈាម​ទេ​ ឯ​អ្នកណា​រស់នៅ​តាម​ព្រះ​វិញ្ញាណ​ អ្នក​នោះ​ក៏​គិត​តែ​អំពី​ខាង​ព្រះវិញ្ញាណ​ដែរ​

6. ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​

7. ដ្បិត​គំនិត​ខាង​សាច់ឈាម​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ព្រោះ​មិន​ចុះចូល​ជាមួយ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ គឺ​មិន​អាច​ចុះចូល​បាន​ផង។​

8. ឯ​អស់​អ្នក​នៅ​ខាង​សាច់ឈាម​ក៏​មិន​អាច​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ។​

9. អ្នក​រាល់គ្នា​មិន​នៅ​ខាង​សាច់ឈាម​ទេ​ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ​ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ផ្ទុយ​ទៅ​វិញ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះគ្រិស្ត​ទេ​

10. ហើយ​បើ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទោះជា​រូបកាយ​របស់​អ្នក​រាល់គ្នា​ស្លាប់​ដោយសារ​បាប​ក៏ដោយ​ ក៏​វិញ្ញាណ​នៅ​មាន​ជីវិត​ដោយសារ​សេចក្ដី​សុចរិត​ដែរ​

11. ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​

12. ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​

13. ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​

14. ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដឹកនាំ​ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះជាម្ចាស់‍។​

15. អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​

16. ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ រ៉ូម 8