គម្ពីរសញ្ញាថ្មី

រ៉ូម 8:30-39 Khmer Christian Bible (KCB)

30. ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​

31. ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

32. ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​

33. តើ​អ្នកណា​នឹង​ចោទ​ប្រកាន់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​ជ្រើសរើស​បាន?​ ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែល​រាប់​ពួកគេ​ជា​សុចរិត។​

34. តើ​អ្នកណា​ជា​អ្នក​ដាក់​ទោស​គេ?​ ដ្បិត​ព្រះគ្រិស្ដ​យេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​លើស​ពី​នេះ​បាន​រស់​ឡើង​វិញ​ទៀត​ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ‍​របស់​ព្រះជាម្ចាស់​ដែរ​ ព្រះអង្គ​ជា​អ្នក​ទូលអង្វរ​ជំនួស​យើង​ទៀត​ផង​។

35. តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​

36. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ព្រោះ​ព្រះអង្គ​ យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់​វាល់ព្រឹក​វាល់ល្ងាច​ ដូចជា​ចៀម​ដែលត្រូវ​យក​ទៅ​សម្លាប់»។​

37. ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​

38. ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​

39. កម្ពស់​ក្ដី​ ជម្រៅក្ដី​ ឬ​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកក្ដី​ ក៏​មិន​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​ដែរ។​

សូមអានជំពូកពេញលេញ រ៉ូម 8