គម្ពីរសញ្ញាថ្មី

រ៉ូម 8:21-31 Khmer Christian Bible (KCB)

21. អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿង​របស់កូន​ព្រះជាម្ចាស់​

22. ដ្បិត​យើង​ដឹង​ថា​ អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ក៏​ស្រែក​ថ្ងូរ​ ទាំង​ឈឺចាប់​ជាមួយ​គ្នា​រហូត​ដល់​ពេល​នេះ​

23. ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះវិញ្ញាណ​ ក៏​ស្រែក​ថ្ងូរ​នៅ​ក្នុង​ចិត្ដ​ ទាំង​ទន្ទឹង​រង់ចាំ​ការ​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើង​ដែរ​

24. ដ្បិត​យើង​សង្ឃឹម​ថា​បាន​សង្គ្រោះ​ ប៉ុន្ដែ​សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​ដែល​អាច​មើល​ឃើញ​ទេ​ តើ​មាន​អ្នកណា​សង្ឃឹម​ចង់​បាន​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ​នោះ?​

25. ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​

26. ព្រះវិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ដូច្នោះ​ដែរ​ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​យ៉ាង​ដូចម្ដេច​ទេ​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ទាល់​បាន​ទូលអង្វរ​ជំនួស​យើង​ដោយ​សំឡេង​ថ្ងូរ​ដែល​រក​ថ្លែង​មិន​បាន​

27. ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​

28. យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​

29. ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​

30. ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​

31. ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

សូមអានជំពូកពេញលេញ រ៉ូម 8