គម្ពីរសញ្ញាថ្មី

រ៉ូម 8:18-29 Khmer Christian Bible (KCB)

18. ខ្ញុំ​យល់​ឃើញ​ថា​ ទុក្ខ​លំបាក​ពេល​បច្ចុប្បន្ន​នេះ​ជា​សេចក្ដី​ដែល​មិន​ស័ក្ដិសម​យក​ទៅ​ប្រៀបផ្ទឹម​ជាមួយ​សិរី​រុងរឿង​នៅ​ពេល​ខាង​មុខ​ ដែល​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​នោះ​ទេ​

19. ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​

20. ព្រោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ បាន​ប្រគល់ទៅ​ក្នុង​ភាព​ឥត​ប្រយោជន៍​ តែ​មិន​មែន​ដោយ​ស្ម័គ្រចិត្ដ​ទេ​ គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ​ ដោយ​សង្ឃឹម​ថា​

21. អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿង​របស់កូន​ព្រះជាម្ចាស់​

22. ដ្បិត​យើង​ដឹង​ថា​ អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ក៏​ស្រែក​ថ្ងូរ​ ទាំង​ឈឺចាប់​ជាមួយ​គ្នា​រហូត​ដល់​ពេល​នេះ​

23. ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះវិញ្ញាណ​ ក៏​ស្រែក​ថ្ងូរ​នៅ​ក្នុង​ចិត្ដ​ ទាំង​ទន្ទឹង​រង់ចាំ​ការ​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើង​ដែរ​

24. ដ្បិត​យើង​សង្ឃឹម​ថា​បាន​សង្គ្រោះ​ ប៉ុន្ដែ​សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​ដែល​អាច​មើល​ឃើញ​ទេ​ តើ​មាន​អ្នកណា​សង្ឃឹម​ចង់​បាន​អ្វី​ដែល​ខ្លួន​កំពុង​មើល​ឃើញ​នោះ?​

25. ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​

26. ព្រះវិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ដូច្នោះ​ដែរ​ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​យ៉ាង​ដូចម្ដេច​ទេ​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ទាល់​បាន​ទូលអង្វរ​ជំនួស​យើង​ដោយ​សំឡេង​ថ្ងូរ​ដែល​រក​ថ្លែង​មិន​បាន​

27. ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​

28. យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​

29. ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​

សូមអានជំពូកពេញលេញ រ៉ូម 8