10. ហើយបើព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយរបស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយ ក៏វិញ្ញាណនៅមានជីវិតដោយសារសេចក្ដីសុចរិតដែរ
11. ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។
12. ដូច្នេះ បងប្អូនអើយ! យើងជំពាក់ ប៉ុន្ដែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់នៅតាមសាច់ឈាមនោះទេ
13. ព្រោះបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម នោះអ្នករាល់គ្នានឹងត្រូវស្លាប់ ផ្ទុយទៅវិញ បើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមានជីវិត។
14. ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះជាម្ចាស់។
15. អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើ ដែលនាំឲ្យមានការភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថា អ័ប្បា ព្រះវរបិតាអើយ!
16. ឯព្រះវិញ្ញាណផ្ទាល់ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះជាម្ចាស់។
17. បើយើងជាកូន យើងជាអ្នកស្នងមរតក គឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ ហើយជាអ្នកស្នងមរតករួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនាជាមួយព្រះគ្រិស្ដ ក៏យើងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
18. ខ្ញុំយល់ឃើញថា ទុក្ខលំបាកពេលបច្ចុប្បន្ននេះជាសេចក្ដីដែលមិនស័ក្ដិសមយកទៅប្រៀបផ្ទឹមជាមួយសិរីរុងរឿងនៅពេលខាងមុខ ដែលព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យយើងឃើញនោះទេ
19. ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួននៃកូនរបស់ព្រះជាម្ចាស់ដោយអន្ទះសា
20. ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក បានប្រគល់ទៅក្នុងភាពឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រចិត្ដទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ ដោយសង្ឃឹមថា
21. អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាពនៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់
22. ដ្បិតយើងដឹងថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកក៏ស្រែកថ្ងូរ ទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ
23. ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ស្រែកថ្ងូរនៅក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹម គឹជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ
24. ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ?
25. ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។