9. បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា
10. ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
11. គ្មានមនុស្សណាម្នាក់យល់ គ្មានមនុស្សណាម្នាក់ស្វែងរកព្រះជាម្ចាស់ឡើយ
12. មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
13. បំពង់កគេជាផ្នូរចំហ គេប្រើអណ្ដាតបោកបញ្ឆោត ហើយបបូរមាត់របស់គេបង្កប់ដោយពិសពស់វែក
14. មាត់របស់គេពេញដោយបណ្ដាសារ និងសេចក្ដីជូរចត់
15. ជើងរបស់គេរហ័សនឹងបង្ហូរឈាម
16. ហើយផ្លូវរបស់គេមានតែសេចក្ដីវិនាស និងសេចក្ដីវេទនា
17. ហើយគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ
18. នៅចំពោះភ្នែករបស់ពួកគេ គ្មានការកោតខ្លាចព្រះជាម្ចាស់សោះ»។
19. យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់
20. ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
21. ប៉ុន្ដែឥឡូវនេះ ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង
22. គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
23. មនុស្សទាំងអស់បានធ្វើបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះជាម្ចាស់
24. ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ