គម្ពីរសញ្ញាថ្មី

រ៉ូម 3:4-18 Khmer Christian Bible (KCB)

4. ​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​

5. បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​

6. មិន​មែន​ដូច្នោះ​ទេ!​ បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​ តើ​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​យ៉ាង​ដូចម្ដេច?​

7. ម្យ៉ាង​ទៀត​ បើ​សេចក្ដី​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ចម្រើន​ឡើង​ ដើម្បី​តម្កើង​សិរី​រុងរឿង​របស់​ព្រះអង្គ​វិញ​ តើ​ហេតុអ្វី​ខ្ញុំ​នៅ​តែ​ជាប់​ជំនុំជម្រះ​ទុក​ជា​មនុស្ស​បាប​ដូច្នេះ‍?​

8. ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ!​

9. បើ​ដូច្នេះ​ តើ​យើង​ល្អ​ជាង​គេ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា​ ទោះ​ជា​ជនជាតិ​យូដា​ក្ដី​ ​ជនជាតិ​ក្រេក​ក្ដី​ ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​បាប​ទាំង​អស់​គ្នា​

10. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​

11. គ្មាន​មនុស្ស​ណា​ម្នាក់​យល់​ គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់​ឡើយ​

12. មនុស្ស​គ្រប់​គ្នា​បាន​វង្វេង​ ហើយ​ត្រលប់​ជា​ឥត​បានការ​ទាំង​អស់​គ្នា​ គ្មាន​អ្នកណា​ម្នាក់​ធ្វើ​ល្អ​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ

13. បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្ដាត​បោក​បញ្ឆោត​ ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​

14. មាត់​របស់​គេ​ពេញ​ដោយ​បណ្ដាសារ​ និង​សេចក្ដី​ជូរចត់​

15. ជើង​របស់​គេ​រហ័ស​នឹង​បង្ហូរ​ឈាម​

16. ហើយ​ផ្លូវ​របស់​គេ​មាន​តែ​សេចក្ដី​វិនាស​ និង​សេចក្ដី​វេទនា​

17. ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​

18. ​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ​ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ»។​

សូមអានជំពូកពេញលេញ រ៉ូម 3