2. ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។
3. ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿ តើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ?
4. មិនមែនដូច្នោះទេ! ព្រះជាម្ចាស់នៅតែពិតត្រង់ ទោះបីជាមនុស្សគ្រប់គ្នាជាអ្នកកុហកក្ដី ដូចមានសេចក្ដីចែងទុកថា៖ «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយមានជ័យជំនះនៅពេលគេជំនុំជម្រះព្រះអង្គ»។
5. បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬ នៅពេលព្រះអង្គដាក់ទោសយើង (គឺខ្ញុំនិយាយតាមបែបមនុស្សទេ)?
6. មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែន តើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច?
7. ម្យ៉ាងទៀត បើសេចក្ដីកុហករបស់ខ្ញុំធ្វើឲ្យសេចក្ដីពិតរបស់ព្រះជាម្ចាស់ចម្រើនឡើង ដើម្បីតម្កើងសិរីរុងរឿងរបស់ព្រះអង្គវិញ តើហេតុអ្វីខ្ញុំនៅតែជាប់ជំនុំជម្រះទុកជាមនុស្សបាបដូច្នេះ?
8. ហើយហេតុអ្វីយើងមិននិយាយថា ចូរយើងធ្វើការអាក្រក់ដើម្បីឲ្យការល្អកើតចេញមក? ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយដូច្នេះ។ អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ!
9. បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា
10. ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
11. គ្មានមនុស្សណាម្នាក់យល់ គ្មានមនុស្សណាម្នាក់ស្វែងរកព្រះជាម្ចាស់ឡើយ
12. មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ