17. បើអ្នកមានឈ្មោះជាជនជាតិយូដា ដែលពឹងលើគម្ពីរវិន័យ អួតអំពីព្រះជាម្ចាស់
18. ស្គាល់បំណងរបស់ព្រះជាម្ចាស់ ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ
19. ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត
20. ជាអ្នកទូន្មានមនុស្សល្ងង់ ហើយជាគ្រូរបស់ក្មេងៗ ដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យ និងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។
21. អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច?
22. អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ?
23. អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ?
24. ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។
25. ការកាត់ស្បែកពិតជាមានប្រយោជន៍ បើអ្នកធ្វើតាមគម្ពីរវិន័យ ប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ ការកាត់ស្បែករបស់អ្នកក្លាយដូចជាមិនកាត់ស្បែក
26. ផ្ទុយទៅវិញ បើមនុស្សមិនកាត់ស្បែកកាន់តាមបញ្ញត្ដិរបស់គម្ពីរវិន័យ តើការមិនកាត់ស្បែករបស់គេមិនចាត់ទុកជាការកាត់ស្បែកទេឬ?
27. ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។
28. ជនជាតិយូដាមិនសំដៅលើអាការៈខាងក្រៅទេ ហើយការកាត់ស្បែក ក៏មិនសំដៅលើសាច់ឈាមខាងក្រៅដែរ
29. ផ្ទុយទៅវិញ ជនជាតិយូដាពិតប្រាកដគឺខាងក្នុងចិត្ដឯណោះវិញ ហើយការកាត់ស្បែកពិតប្រាកដ ជាការកាត់ស្បែកចិត្ដដោយសារព្រះវិញ្ញាណ មិនមែនដោយសារអក្សរទេ ឯការសរសើររបស់គេមិនមកពីមនុស្សឡើយ គឺមកពីព្រះជាម្ចាស់។