គម្ពីរសញ្ញាថ្មី

រ៉ូម 2:11-27 Khmer Christian Bible (KCB)

11. ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​

12. ចំពោះ​អស់​អ្នក​ដែល​គ្មាន​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មាន​គម្ពីរ​វិន័យ​ដែរ​ រីឯ​អស់​អ្នក​ដែល​នៅ​ក្រោម​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​ជំនុំជម្រះ​តាម​គម្ពីរ​វិន័យ​ដែរ​

13. ដ្បិត​អ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​ មិន​មែន​ជា​អ្នក​ឮ​គម្ពីរ​វិន័យ​ទេ​ តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​វិញ។​

14. នៅ​ពេល​សាសន៍​ដទៃ​ដែល​គ្មាន​គម្ពីរ​វិន័យ​បាន​ធ្វើ​តាម​សេចក្ដី​នៅ​ក្នុង​ក្រឹត្យវិន័យ​ដោយ​ឯក​ឯង​ នោះ​គេ​ជា​ក្រឹត្យវិន័យ​សម្រាប់​ខ្លួនគេ​ហើយ​ ទោះបី​គ្មាន​គម្ពីរ​វិន័យ​ក៏​ដោយ​

15. ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​

16. នៅ​ថ្ងៃ​មួយ​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​ តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ។​

17. បើ​អ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ ដែល​ពឹង​លើ​គម្ពីរ​វិន័យ​ អួត​អំពី​ព្រះជាម្ចាស់​

18. ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ ដឹង​ការ​ខុស​ត្រូវ​ដោយ​បាន​រៀន​ពី​គម្ពីរ​វិន័យ​

19. ហើយ​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ ជា​ពន្លឺ​សម្រាប់​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត​

20. ជា​អ្នក​ទូន្មាន​មនុស្ស​ល្ងង់​ ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ ដោយ​ព្រោះ​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​វិស័យ​ និង​សេចក្ដី​ពិត​នៅ​ក្នុង​គម្ពីរ​វិន័យ។​

21. អ្នក​បង្រៀន​អ្នក​ដទៃបាន​ ហេតុអ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង?​ អ្នក​ប្រកាស​ប្រាប់​គេ​មិន​ឲ្យ​លួច​ ហេតុអ្វី​ក៏​អ្នក​លួច?​

22. អ្នក​ប្រាប់​គេ​មិន​ឲ្យ​ផិត​ក្បត់​ ហេតុអ្វី​ក៏​អ្នក​ផិត​ក្បត់?​ អ្នក​ស្អប់​ខ្ពើម​រូប​ព្រះ​ ហេតុអ្វី​ក៏​អ្នក​ប្លន់​ព្រះវិហារ?​

23. អ្នក​អួត​អំពី​គម្ពីរ​វិន័យ​ ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរ​វិន័យ‍?​

24. ដូច​មាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​ «ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅ​ក្នុង​ចំណោម​ជនជាតិ​នានា​ ដោយ​ព្រោះ​អ្នក​រាល់គ្នា»។​

25. ការ​កាត់ស្បែក​ពិត​ជា​មាន​ប្រយោជន៍​ បើ​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ ប៉ុន្ដែ​បើ​អ្នក​ល្មើស​គម្ពីរ​វិន័យ​វិញ​ ការ​កាត់ស្បែក​របស់​អ្នក​ក្លាយ​ដូចជា​មិន​កាត់ស្បែក​

26. ផ្ទុយ​ទៅ​វិញ​ បើ​មនុស្ស​មិន​កាត់ស្បែក​កាន់​តាម​បញ្ញត្ដិ​របស់​គម្ពីរ​វិន័យ​ តើ​ការ​មិន​កាត់ស្បែក​របស់​គេ​មិន​ចាត់​ទុក​ជា​ការ​កាត់ស្បែក​ទេ​ឬ?​

27. ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​

សូមអានជំពូកពេញលេញ រ៉ូម 2