11. ដ្បិតព្រះជាម្ចាស់មិនមានសេចក្ដីលំអៀងឡើយ។
12. ចំពោះអស់អ្នកដែលគ្មានគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវវិនាសដោយគ្មានគម្ពីរវិន័យដែរ រីឯអស់អ្នកដែលនៅក្រោមគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវជំនុំជម្រះតាមគម្ពីរវិន័យដែរ
13. ដ្បិតអ្នកដែលព្រះជាម្ចាស់រាប់ជាសុចរិត មិនមែនជាអ្នកឮគម្ពីរវិន័យទេ តែជាអ្នកធ្វើតាមគម្ពីរវិន័យវិញ។
14. នៅពេលសាសន៍ដទៃដែលគ្មានគម្ពីរវិន័យបានធ្វើតាមសេចក្ដីនៅក្នុងក្រឹត្យវិន័យដោយឯកឯង នោះគេជាក្រឹត្យវិន័យសម្រាប់ខ្លួនគេហើយ ទោះបីគ្មានគម្ពីរវិន័យក៏ដោយ
15. ព្រោះគេបានបង្ហាញពីកិច្ចការរបស់គម្ពីរវិន័យ ដែលបានកត់ទុកនៅក្នុងចិត្ដរបស់គេ ហើយមនសិការរបស់គេក៏ធ្វើបន្ទាល់នៅក្នុងចិត្ដ ទាំងមានការចោទប្រកាន់ ឬដោះសានៅក្នុងគំនិតរបស់គេ
16. នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។
17. បើអ្នកមានឈ្មោះជាជនជាតិយូដា ដែលពឹងលើគម្ពីរវិន័យ អួតអំពីព្រះជាម្ចាស់
18. ស្គាល់បំណងរបស់ព្រះជាម្ចាស់ ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ
19. ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត
20. ជាអ្នកទូន្មានមនុស្សល្ងង់ ហើយជាគ្រូរបស់ក្មេងៗ ដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យ និងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។
21. អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច?
22. អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ?
23. អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ?
24. ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។