គម្ពីរសញ្ញាថ្មី

រ៉ូម 2:1-15 Khmer Christian Bible (KCB)

1. ដូច្នេះ​ហើយ​ ឱ​អ្នក​គ្រប់​គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ!​ អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​ អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួន​ឯង​ដែរ​ ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ​

2. ហើយ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បែប​នេះ​ទៅ​តាម​សេចក្ដី​ពិត។​

3. ឱ​មនុស្ស​ដែល​ថ្កោលទោស​ពួកអ្នក​ដែលបាន​ប្រព្រឹត្ត​ដូច្នេះ​ ហើយ​ខ្លួន​ឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​អើយ!​ តើ​អ្នក​ស្មាន​ថា​នឹង​រួច​ខ្លួន​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ឬ?​

4. ឬ​មួយ​អ្នក​កំពុង​មើលងាយ​សេចក្ដី​សប្បុរស​ សេចក្ដី​អត់​អោន​ និង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ ទាំង​មិន​ដឹង​ថា​ សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?​

5. ដោយសារ​អ្នក​មាន​ចិត្ដ​រឹងរូស​ មិន​ប្រែ​ចិត្ត​ នោះ​អ្នក​កំពុង​សន្សំ​សេចក្ដី​ក្រោធ​ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ក្រោធ​ និង​ការ​ជំនុំជម្រះដ៏​សុចរិត​

6. ដែល​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ។​

7. ​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​

8. រីឯ​អស់​អ្នក​ដែល​មាន​ចិត្ដ​អាត្មា​និយម​ មិន​ស្ដាប់​តាម​សេចក្ដី​ពិត​ តែ​បែរ​ជា​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​ នោះ​នឹង​បាន​សេចក្ដី​ក្រោធ​ និង​ការ​ដាក់ទោស​វិញ។​

9. គ្រប់​ព្រលឹង​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ នឹង​មាន​សេចក្ដី​វេទនា​ និង​សេចក្ដី​ទុក្ខព្រួយ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក​

10. ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ នោះ​នឹង​បាន​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​សេចក្ដី​សុខសាន្ដ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក។​

11. ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​

12. ចំពោះ​អស់​អ្នក​ដែល​គ្មាន​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មាន​គម្ពីរ​វិន័យ​ដែរ​ រីឯ​អស់​អ្នក​ដែល​នៅ​ក្រោម​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​ជំនុំជម្រះ​តាម​គម្ពីរ​វិន័យ​ដែរ​

13. ដ្បិត​អ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​ មិន​មែន​ជា​អ្នក​ឮ​គម្ពីរ​វិន័យ​ទេ​ តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​វិញ។​

14. នៅ​ពេល​សាសន៍​ដទៃ​ដែល​គ្មាន​គម្ពីរ​វិន័យ​បាន​ធ្វើ​តាម​សេចក្ដី​នៅ​ក្នុង​ក្រឹត្យវិន័យ​ដោយ​ឯក​ឯង​ នោះ​គេ​ជា​ក្រឹត្យវិន័យ​សម្រាប់​ខ្លួនគេ​ហើយ​ ទោះបី​គ្មាន​គម្ពីរ​វិន័យ​ក៏​ដោយ​

15. ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​

សូមអានជំពូកពេញលេញ រ៉ូម 2