គម្ពីរសញ្ញាថ្មី

រ៉ូម 16:17-27 Khmer Christian Bible (KCB)

17. បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​

18. ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​

19. ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​

20. ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​កម្ទេច​អារក្ស​សាតាំង​ឲ្យ​នៅ​ក្រោម​ជើង​របស់​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ដូច្នេះ​ សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង។​

21. លោក​ធីម៉ូថេ​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ និង​លោក​លូគាស​ លោក​យ៉ាសុន​ លោក​សូសិប៉ាត្រុស​ ជា​សាច់​ញាតិ​របស់​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

22. ខ្ញុំ​ឈ្មោះ​ទើទាស​ជា​អ្នក​សរសេរ​សំបុត្រ​របស់​លោក​ប៉ូល​នេះ​ ក៏​សូម​ជម្រាបសួរ​ដល់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​

23. លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

24. [សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ អាម៉ែន។]​

25. ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​

26. ប៉ុន្ដែ​ឥឡូវ​នេះ​ បាន​បើកសំដែង​ឲ្យ​ជនជាតិ​ទាំង​អស់​បាន​ដឹង​តាមរយៈ​បទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល​ ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​ដោយ​ជំនឿ​

27. សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​មាន​ប្រាជ្ញា​តែ​មួយ​អង្គ​គត់​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ អាម៉ែន៕​

សូមអានជំពូកពេញលេញ រ៉ូម 16