គម្ពីរសញ្ញាថ្មី

រ៉ូម 15:5-17 Khmer Christian Bible (KCB)

5. ឥឡូវ​នេះ​ សូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំ​ និង​ការ​លើក​ទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​

6. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដោយ​ព្រមព្រៀង​គ្នា​ និង​មាន​សំឡេង​តែ​មួយ។​

7. ដូច្នេះ​ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះគ្រិស្ដ​បាន​ទទួល​អ្នក​រាល់គ្នា​ដែរ​ចុះ​ ដើម្បី​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

8. ដ្បិត​ខ្ញុំ​សូម​ប្រាប់​ថា​ ព្រះគ្រិស្ដ​បាន​ត្រលប់​ជា​អ្នកបម្រើ​របស់​ពួកអ្នក​កាត់ស្បែក​ក្នុង​នាម​ជា​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ ដើម្បី​បញ្ជាក់​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ដែល​បាន​ធ្វើ​ជាមួយ​នឹង​ពួក​ដូនតា​

9. និង​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះអង្គ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ហេតុនេះ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ខ្ញុំ​ច្រៀង​សរសើរ​ព្រះនាម​ព្រះអង្គ»។​

10. ហើយ​មាន​សេចក្ដី​មួយ​ទៀត​ចែង​ទុក​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​អរ​សប្បាយ​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចុះ!»​

11. រួច​មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​សរសើរ​ព្រះអម្ចាស់​ ជន​ទាំងឡាយ​អើយ!​ ចូរ​សរសើរ​ព្រះអង្គ​ចុះ!»​

12. ក្នុង​សេចក្ដី​មួយ​ទៀត​ ​លោក​អេសាយ​បាន​ថ្លែង​ថា៖​ «នឹង​មាន​ឫស​របស់​លោក​អ៊ីសាយ​មួយ​កើត​មក​ ដើម្បី​គ្រប់គ្រង​ពួក​សាសន៍​ដទៃ​ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះអង្គ»​

13. ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​

14. បងប្អូន​អើយ!​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ល្អ​ និង​ពេញ​ដោយ​ចំណេះដឹង​គ្រប់​បែប​យ៉ាង​ ព្រមទាំង​អាច​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ​

15. ប៉ុន្ដែ​ខ្ញុំ​បាន​សរសេរ​អំពី​ចំណុច​ខ្លះ​ផ្ញើ​មក​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ក្លាហាន​ ដើម្បី​រំឮក​អ្នក​រាល់គ្នា​ ដោយសារ​ព្រះគុណ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​

16. គឺ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​សាសន៍​ដទៃ​ ហើយ​បំពេញ​តួនាទី​ជា​សង្ឃ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ព្រះជាម្ចាស់​ទុក​ជា​តង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​ និង​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។​

17. ដូច្នេះ​ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​

សូមអានជំពូកពេញលេញ រ៉ូម 15