គម្ពីរសញ្ញាថ្មី

រ៉ូម 15:21-33 Khmer Christian Bible (KCB)

21. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អស់​អ្នក​ដែល​មិន​ទាន់‍បាន​ទទួល​ដំណឹង​អំពី​ព្រះអង្គ​ នោះ​នឹង​បាន​ឃើញ​ ឯ​អស់​អ្នក​ដែល​មិន​ធ្លាប់​ឮ​ នោះ​នឹង​បាន​យល់»​

22. ហេតុនេះ​បាន​ជា​ខ្ញុំ​ខកខាន​ច្រើន​ដង​ មិន​បាន​មក​ឯ​អ្នក​រាល់គ្នា។​

23. ប៉ុន្ដែ​ពេល​នេះ​ នៅ​ក្នុង​តំបន់​ទាំង​នេះ​ គ្មាន​កន្លែង​ណា​នៅ​សល់​ទៀត​ឡើយ​ ម្យ៉ាង​ទៀត​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​

24. ហើយ​ពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ជួប​អ្នក​រាល់គ្នា​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ពី​ស្រុក​នោះ​ទៀត​ បន្ទាប់ពី​ខ្ញុំ​បាន​កម្សាន្ដ​ចិត្ដ​បន្ដិច​ ដោយ​បាន​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយរយៈ។​

25. ឥឡូវ​នេះ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​នឹង​បម្រើ​ពួក​បរិសុទ្ធ​សិន​

26. ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃសុខ​ចិត្ដ​បរិច្ចាគ​មួយ​ចំនួន​ជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​

27. មែន​ហើយ​ ពួកគេ​ពេញចិត្ដ​ធ្វើ​ដូច្នេះ​ណាស់​ ព្រោះ​ពួកគេ​ជំពាក់​អ្នក​ទាំង​នោះ​ ដ្បិត​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ខាង​វិញ្ញាណ​ពី​អ្នក​ទាំង​នោះ​ បាន​ជា​សាសន៍​ដទៃ​ត្រូវ​ផ្គត់ផ្គង់​ចំណែក​ខាង​សាច់ឈាម​ដល់​អ្នក​ទាំង​នោះ​វិញ​

28. ដូច្នេះ​ពេលណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់​ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ដោយ​ឆៀង​ចូល​ជួប​អ្នក​រាល់គ្នា​

29. ហើយ​ខ្ញុំ​ដឹង​ថា​ ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​មក​ជាមួយ​ព្រះពរ​ដ៏​ហូរហៀរ​របស់​ព្រះគ្រិស្ដ។​

30. បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា​ ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​ផង​

31. ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួកអ្នក​មិន​ជឿ​នៅ​ស្រុក​យូដា​ និង​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​

32. ព្រមទាំង​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​អំណរ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាក​ជាមួយ​អ្នក​រាល់គ្នា​ដែរ។​

33. សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​គង់​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ អាម៉ែន។​

សូមអានជំពូកពេញលេញ រ៉ូម 15