គម្ពីរសញ្ញាថ្មី

រ៉ូម 15:17-30 Khmer Christian Bible (KCB)

17. ដូច្នេះ​ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​

18. ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អំពី​អ្វី​ឡើយ​ ក្រៅពី​អ្វី​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ​សម្រាប់​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្ដាប់​បង្គាប់​ តាមរយៈ​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​

19. ដោយ​អំណាច​នៃ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​អំណាច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់។​ ដូច្នេះ​ហើយ​ ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​នៅ​គ្រប់​ទីកន្លែង​ តាំង​ពី​ក្រុង​យេរូសាឡិម​រហូត​ដល់​ស្រុក​អ៊ីលីរីកុន។​

20. ​ខ្ញុំ​មាន​បំណង​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​មិន​ធ្លាប់​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។​

21. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អស់​អ្នក​ដែល​មិន​ទាន់‍បាន​ទទួល​ដំណឹង​អំពី​ព្រះអង្គ​ នោះ​នឹង​បាន​ឃើញ​ ឯ​អស់​អ្នក​ដែល​មិន​ធ្លាប់​ឮ​ នោះ​នឹង​បាន​យល់»​

22. ហេតុនេះ​បាន​ជា​ខ្ញុំ​ខកខាន​ច្រើន​ដង​ មិន​បាន​មក​ឯ​អ្នក​រាល់គ្នា។​

23. ប៉ុន្ដែ​ពេល​នេះ​ នៅ​ក្នុង​តំបន់​ទាំង​នេះ​ គ្មាន​កន្លែង​ណា​នៅ​សល់​ទៀត​ឡើយ​ ម្យ៉ាង​ទៀត​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​

24. ហើយ​ពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ជួប​អ្នក​រាល់គ្នា​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ពី​ស្រុក​នោះ​ទៀត​ បន្ទាប់ពី​ខ្ញុំ​បាន​កម្សាន្ដ​ចិត្ដ​បន្ដិច​ ដោយ​បាន​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយរយៈ។​

25. ឥឡូវ​នេះ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​នឹង​បម្រើ​ពួក​បរិសុទ្ធ​សិន​

26. ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃសុខ​ចិត្ដ​បរិច្ចាគ​មួយ​ចំនួន​ជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​

27. មែន​ហើយ​ ពួកគេ​ពេញចិត្ដ​ធ្វើ​ដូច្នេះ​ណាស់​ ព្រោះ​ពួកគេ​ជំពាក់​អ្នក​ទាំង​នោះ​ ដ្បិត​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ខាង​វិញ្ញាណ​ពី​អ្នក​ទាំង​នោះ​ បាន​ជា​សាសន៍​ដទៃ​ត្រូវ​ផ្គត់ផ្គង់​ចំណែក​ខាង​សាច់ឈាម​ដល់​អ្នក​ទាំង​នោះ​វិញ​

28. ដូច្នេះ​ពេលណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់​ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ដោយ​ឆៀង​ចូល​ជួប​អ្នក​រាល់គ្នា​

29. ហើយ​ខ្ញុំ​ដឹង​ថា​ ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​មក​ជាមួយ​ព្រះពរ​ដ៏​ហូរហៀរ​របស់​ព្រះគ្រិស្ដ។​

30. បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា​ ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​ផង​

សូមអានជំពូកពេញលេញ រ៉ូម 15