16. គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។
17. ដូច្នេះ នៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់
18. ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
19. ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
20. ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។
21. ដូចមានសេចក្ដីចែងទុកថា៖ «អស់អ្នកដែលមិនទាន់បានទទួលដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ឯអស់អ្នកដែលមិនធ្លាប់ឮ នោះនឹងបានយល់»
22. ហេតុនេះបានជាខ្ញុំខកខានច្រើនដង មិនបានមកឯអ្នករាល់គ្នា។
23. ប៉ុន្ដែពេលនេះ នៅក្នុងតំបន់ទាំងនេះ គ្មានកន្លែងណានៅសល់ទៀតឡើយ ម្យ៉ាងទៀត ជាច្រើនឆ្នាំមកហើយដែលខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នា
24. ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថា នឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំបន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។
25. ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីនឹងបម្រើពួកបរិសុទ្ធសិន
26. ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
27. មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ