គម្ពីរសញ្ញាថ្មី

រ៉ូម 15:1-10 Khmer Christian Bible (KCB)

1. យើង​ជា​អ្នក​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍​រឹងមាំ​ ហើយ​មិន​ត្រូវ​ផ្គាប់​ចិត្ដ​ខ្លួន​ឯង​នោះ​ទេ​

2. ចូរ​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ពេញចិត្ដ​ ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ដ​ឡើង​

3. ព្រោះ​សូម្បី​តែ​ព្រះគ្រិស្ដ​ ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ផ្ទាល់​ដែរ​ គឺ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដំណៀល​របស់​ពួកអ្នក​ដៀលត្មះ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ»​

4. ដ្បិត​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​ គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង​ ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​តាមរយៈ​ការ​ស៊ូទ្រាំ​ និង​តាមរយៈ​ការ​លើក​ទឹកចិត្ដ​ពី​បទគម្ពីរ។​

5. ឥឡូវ​នេះ​ សូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំ​ និង​ការ​លើក​ទឹកចិត្ដ​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​គំនិត​តែ​មួយ​តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​

6. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដោយ​ព្រមព្រៀង​គ្នា​ និង​មាន​សំឡេង​តែ​មួយ។​

7. ដូច្នេះ​ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះគ្រិស្ដ​បាន​ទទួល​អ្នក​រាល់គ្នា​ដែរ​ចុះ​ ដើម្បី​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

8. ដ្បិត​ខ្ញុំ​សូម​ប្រាប់​ថា​ ព្រះគ្រិស្ដ​បាន​ត្រលប់​ជា​អ្នកបម្រើ​របស់​ពួកអ្នក​កាត់ស្បែក​ក្នុង​នាម​ជា​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ ដើម្បី​បញ្ជាក់​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ដែល​បាន​ធ្វើ​ជាមួយ​នឹង​ពួក​ដូនតា​

9. និង​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះអង្គ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ហេតុនេះ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ខ្ញុំ​ច្រៀង​សរសើរ​ព្រះនាម​ព្រះអង្គ»។​

10. ហើយ​មាន​សេចក្ដី​មួយ​ទៀត​ចែង​ទុក​ថា៖​ «ពួក​សាសន៍​ដទៃ​អើយ!​ ចូរ​អរ​សប្បាយ​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចុះ!»​

សូមអានជំពូកពេញលេញ រ៉ូម 15