គម្ពីរសញ្ញាថ្មី

រ៉ូម 12:7-20 Khmer Christian Bible (KCB)

7. បើ​ខាង​ការ​បម្រើ​ ចូរ​បម្រើ​ បើ​ខាង​ការ​បង្រៀន​ ចូរ​បង្រៀន​

8. បើ​ខាង​ការ​លើក​ទឹក​ចិត្ដ​ ចូរ​លើក​ទឹក​ចិត្ដ​ បើ​ខាង​ការ​ឲ្យ​ ចូរ​ឲ្យ​ដោយ​សប្បុរស​ បើ​ខាង​ការ​ដឹកនាំ​ ចូរ​ដឹកនាំ​ដោយ​ឧស្សាហ៍​ បើ​ខាងកា​រផ្ដល់​សេចក្ដី​មេត្ដា​ ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។​

9. ចូរ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​ ស្អប់​សេចក្ដី​អាក្រក់​ ហើយ​ប្រកាន់​ខ្ជាប់​សេចក្ដី​ល្អ។​

10. ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស​

11. ចូរ​ឧស្សាហ៍​ កុំ​ខ្ជិល​ឡើយ​ ចូរ​បម្រើ​ព្រះអម្ចាស់​ដោយ​វិញ្ញាណ​ឆេះឆួល។​

12. ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម​ ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​

13. ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ដែល​មាន​សេចក្ដី​ត្រូវការ​ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។​

14. ចូរ​ឲ្យ​ពរ​ដល់​ពួកអ្នក​បៀតបៀន​អ្នក​រាល់គ្នា​ ចូរ​ឲ្យពរ​ ​កុំ​ដាក់​បណ្ដាសា​ឲ្យ​សោះ​

15. ចូរ​អរ​សប្បាយ​ជាមួយ​ពួកអ្នក​អរ​សប្បាយ​ ហើយ​យំ​ជាមួយ​ពួកអ្នក​យំ​

16. ចូរ​មាន​គំនិត​ឲ្យ​ចុះ​សម្រុង​គ្នា​ទៅវិញ​ទៅមក​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ ត្រូវ​ចុះ​សម្រុង​ជាមួយ​អ្នក​ទន់ទាប​ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ឡើយ។​

17. ចូរ​កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​ ត្រូវ​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​

18. ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ‍​រស់នៅ​ជាមួយ​មនុស្ស​ទាំង​អស់​ដោយ​សុខសាន្ដ​ចុះ​ បើ​ធ្វើ​កើត។​

19. បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ​ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹង​ចុះ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ​

20. ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន​ ចូរ​ឲ្យ​គេ​បរិភោគ​ ហើយ​បើ​គេ​ស្រេក​ ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ​ ដ្បិត​ធ្វើ​ដូច្នេះ​ ប្រៀប​ដូចជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ»។​

សូមអានជំពូកពេញលេញ រ៉ូម 12