9. ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ
10. សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញ ហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។
11. ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។
12. បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត!
13. ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
14. ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។
15. បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?