គម្ពីរសញ្ញាថ្មី

រ៉ូម 11:23-36 Khmer Christian Bible (KCB)

23. ឯ​ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំង​នោះ​ក៏​ដូច្នេះ​ដែរ​ បើ​ពួកគេ​បោះ​បង់​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេ​វិញ​ ព្រោះ​ព្រះអង្គ​អាច​ផ្សាំ​ពួកគេ​ជា​ថ្មី​បាន។​

24. ដ្បិត​បើ​អ្នក​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ព្រៃ​ ត្រូវ​បាន​កាត់​យក​មក​ផ្សាំ​ជាប់​ដើម​អូលីវ​ស្រុក​ដែល​មិនមែន​ជា​ដើម​ពី​កំណើត​ទៅ​ហើយ​ ចុះ​ទម្រាំ​ពួកគេ​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ស្រុក​ស្រាប់​ នោះ​ងាយ​ផ្សាំ​ជាប់​ដើម​របស់​ខ្លួន​វិញ​លើស​ជាង​អម្បាល​មាន​ទៅ​ទៀត។​

25. បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អាថ៌កំបាំង​នេះ​ឡើយ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ស្មាន​ថា​ខ្លួន​ឯង​ឆ្លាត​ គឺ​ថា​ជនជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​មាន​ចិត្ដ​រឹងរូស​ រហូត​ទាល់តែ​ឲ្យ​សាសន៍​ដទៃ​ទាំងឡាយ​បាន​ចូល​មក​គ្រប់​ចំនួន។​

26. ដូច្នេះហើយ​ជនជាតិ​អ៊ីស្រាអែល​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទាំង​អស់​គ្នា​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ ហើយ​ព្រះអង្គ​នឹង​ដក​យក​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ចេញ​ពី​យ៉ាកុប​

27. ដ្បិត​នេះ​ហើយ​ជា​កិច្ច​ព្រមព្រៀង​របស់​យើង​ជាមួយ​ពួកគេ​ គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាប​ចេញ​ពី​ពួកគេ»។​

28. យោង​តាម​ដំណឹង​ល្អ​ ដោយសារ​អ្នករាល់​គ្នា​ ពួកគេ​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ​ ដោយសារ​ដូនតា​របស់​ពួកគេ​ ព្រះជាម្ចាស់​ស្រឡាញ់​ពួកគេ​

29. ព្រោះ​អំណោយទាន​ និង​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​មិន​ប្រែប្រួល​ឡើយ​

30. ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​

31. នោះ​ពួកគេ​ក៏​ដូច្នោះ​ដែរ​ គឺ​ឥឡូវ​នេះ​ពួកគេ​មិន​ស្ដាប់​បង្គាប់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នៅ​ពេល​នេះ​ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​នោះ​ដែរ​

32. ដ្បិត​ព្រះជាម្ចាស់​បាន​បង្ខាំង​មនុស្ស​ទាំង​អស់​ទុក​ក្នុង​សេចក្ដី​មិន​ស្ដាប់​បង្គាប់​ ដើម្បី​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួកគេ​គ្រប់​គ្នា។​

33. សេចក្ដី​សប្បុរស​ ប្រាជ្ញា​ និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ​ ជ្រាល​ជ្រៅ​ណាស់!​ គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​

34. តើ​មាន​អ្នកណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​ ឬ​ធ្លាប់​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​ដល់​ព្រះអង្គ​ដែរ​ឬទេ?​

35. តើ​មាន​អ្នកណា​ធ្លាប់​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន​ ដើម្បី​ឲ្យ​ព្រះអង្គ​តបស្នង​ដល់​ខ្លួន​វិញ​ដែរ‍ឬ​ទេ?​

36. ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះអង្គ​ ដោយសារ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ‍។​ សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​

សូមអានជំពូកពេញលេញ រ៉ូម 11