គម្ពីរសញ្ញាថ្មី

រ៉ូម 11:2-19 Khmer Christian Bible (KCB)

2. ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​

3. គឺ​គាត់​ទូលថា៖​ «ព្រះអម្ចាស់​អើយ!​ ពួកគេ​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​រំលំ​កន្លែង​ថ្វាយ​តង្វាយ​ទាំងឡាយ​របស់​ព្រះអង្គ​ចោល​ ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ រួច​ពួកគេ​រក​សម្លាប់​ខ្ញុំ​ទៀត!»​

4. តើ​ព្រះជាម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​យ៉ាង​ដូចម្ដេច?​ គឺ​ព្រះអង្គ​ឆ្លើយ​ថា៖​ «យើង​បាន​រក្សា​មនុស្ស​ប្រាំពីរពាន់​នាក់​ទុក​សម្រាប់​យើង​ ជា​ពួកអ្នក​ដែល​មិន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះបាល»។​

5. ដូច្នេះ​ដែរ​ នៅ​បច្ចុប្បន្ន​នេះ​ ក៏​មាន​អ្នក​នៅ​សល់​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ដោយសារ​ព្រះគុណ​

6. ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​

7. តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​

8. ដូចមាន​សេចក្ដី​ចែង​ទុកថា៖​ «ព្រះជាម្ចាស់​ប្រទាន​វិញ្ញាណ​ស្ពឹក​ស្រពន់​ និង​ភ្នែក​ដែល​មើល​មិន​ឃើញ​ ហើយ​ត្រចៀក​ដែល​ស្ដាប់​មិន​ឮ​ដល់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។​

9. ឯ​ស្ដេច​ដាវីឌ​វិញ​និយាយ​ថា៖​ «សូម​ឲ្យ​តុ​របស់​ពួកគេ​ត្រលប់​ជា​អង្គប់​ ជា​អន្ទាក់​ ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​ និង​ជា​សំណង​ដល់​ពួកគេ​វិញ​ចុះ​

10. សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​ងងឹត​មើល​មិន​ឃើញ​ ហើយ​ឲ្យ​ខ្នង​របស់​ពួកគេ​កោង​រហូត»។​

11. ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​

12. បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​

13. ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​

14. ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន​ ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

15. បើ​ការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​ នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួល​យក​វិញ​ នោះតើ​មិន​មែន​ជា​ការ​មាន​ជីវិត​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ទេឬ?​

16. បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​

17. យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​

18. នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​

19. ពេល​នោះ​អ្នក​នឹង​និយាយ​ថា​ មែក​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ ដើម្បី​យក​ខ្ញុំ​ផ្សាំ​ជំនួស។​

សូមអានជំពូកពេញលេញ រ៉ូម 11