គម្ពីរសញ្ញាថ្មី

រ៉ូម 11:16-24 Khmer Christian Bible (KCB)

16. បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​

17. យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​

18. នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​

19. ពេល​នោះ​អ្នក​នឹង​និយាយ​ថា​ មែក​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ ដើម្បី​យក​ខ្ញុំ​ផ្សាំ​ជំនួស។​

20. មែន​ហើយ​ ពួកគេ​ត្រូវ​បាន​កាត់​ចេញ​ដោយសារ​គ្មាន​ជំនឿ​ រីឯ​អ្នក​វិញត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់​ដោយ​សារ​ជំនឿ​ ដូច្នេះ​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ឡើយ​ ប៉ុន្ដែ​ចូរ​កោតខ្លាច​វិញ​

21. ដ្បិត​បើ​ព្រះជាម្ចាស់​មិន​អត់ឱន​ឲ្យ​មែក​ពី​កំណើត​ផង​ នោះ​ព្រះជាម្ចាស់​ក៏​មិន​អត់ឱន​ឲ្យ​អ្នក​ដែរ។​

22. ចូរ​ពិចារណា​អំពី​សេចក្ដី​សប្បុរស​ និង​ភាព​ម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់​ចុះ។​ ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ដួល​ចុះ​ ប៉ុន្ដែ​ព្រះអង្គ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ លុះត្រា​តែ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ក៏​ត្រូវ​កាត់​ចេញ​ដែរ​

23. ឯ​ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំង​នោះ​ក៏​ដូច្នេះ​ដែរ​ បើ​ពួកគេ​បោះ​បង់​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេ​វិញ​ ព្រោះ​ព្រះអង្គ​អាច​ផ្សាំ​ពួកគេ​ជា​ថ្មី​បាន។​

24. ដ្បិត​បើ​អ្នក​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ព្រៃ​ ត្រូវ​បាន​កាត់​យក​មក​ផ្សាំ​ជាប់​ដើម​អូលីវ​ស្រុក​ដែល​មិនមែន​ជា​ដើម​ពី​កំណើត​ទៅ​ហើយ​ ចុះ​ទម្រាំ​ពួកគេ​ដែល​មាន​កំណើត​ជា​ដើម​អូលីវ​ស្រុក​ស្រាប់​ នោះ​ងាយ​ផ្សាំ​ជាប់​ដើម​របស់​ខ្លួន​វិញ​លើស​ជាង​អម្បាល​មាន​ទៅ​ទៀត។​

សូមអានជំពូកពេញលេញ រ៉ូម 11