14. ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។
15. បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
16. បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធដែរ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
17. យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ
18. នោះ ចូរកុំអួតអាងនឹងមែកទាំងនោះឡើយ ទោះបីអ្នកអួតអាងក៏ដោយ ក៏ចូរដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសចិញ្ចឹមអ្នកវិញ។
19. ពេលនោះអ្នកនឹងនិយាយថា មែកទាំងនោះត្រូវបានកាត់ចេញ ដើម្បីយកខ្ញុំផ្សាំជំនួស។
20. មែនហើយ ពួកគេត្រូវបានកាត់ចេញដោយសារគ្មានជំនឿ រីឯអ្នកវិញត្រូវបានភ្ជាប់ឲ្យជាប់ដោយសារជំនឿ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ប៉ុន្ដែចូរកោតខ្លាចវិញ
21. ដ្បិតបើព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផង នោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។
22. ចូរពិចារណាអំពីសេចក្ដីសប្បុរស និងភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះ ប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នក លុះត្រាតែអ្នកនៅជាប់នឹងសេចក្ដីសប្បុរសរបស់ព្រះអង្គ បើមិនដូច្នេះទេ អ្នកក៏ត្រូវកាត់ចេញដែរ
23. ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរ បើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេ ព្រះជាម្ចាស់នឹងផ្សាំពួកគេវិញ ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។
24. ដ្បិតបើអ្នកដែលមានកំណើតជាដើមអូលីវព្រៃ ត្រូវបានកាត់យកមកផ្សាំជាប់ដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតទៅហើយ ចុះទម្រាំពួកគេដែលមានកំណើតជាដើមអូលីវស្រុកស្រាប់ នោះងាយផ្សាំជាប់ដើមរបស់ខ្លួនវិញលើសជាងអម្បាលមានទៅទៀត។
25. បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
26. ដូច្នេះហើយជនជាតិអ៊ីស្រាអែលនឹងទទួលបានសេចក្ដីសង្គ្រោះទាំងអស់គ្នា ដូចមានសេចក្ដីចែងទុកថា៖ «ព្រះអង្គសង្គ្រោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ហើយព្រះអង្គនឹងដកយកការមិនកោតខ្លាចព្រះជាម្ចាស់ចេញពីយ៉ាកុប
27. ដ្បិតនេះហើយជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេ គឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។
28. យោងតាមដំណឹងល្អ ដោយសារអ្នករាល់គ្នា ពួកគេត្រលប់ជាសត្រូវរបស់ព្រះជាម្ចាស់ ប៉ុន្ដែយោងតាមការជ្រើសរើសវិញ ដោយសារដូនតារបស់ពួកគេ ព្រះជាម្ចាស់ស្រឡាញ់ពួកគេ
29. ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ
30. ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា
31. នោះពួកគេក៏ដូច្នោះដែរ គឺឥឡូវនេះពួកគេមិនស្ដាប់បង្គាប់ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីមេត្តាករុណានៅពេលនេះ ដោយសេចក្ដីមេត្ដាករុណាដែលអ្នករាល់គ្នាបានទទួលនោះដែរ
32. ដ្បិតព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទុកក្នុងសេចក្ដីមិនស្ដាប់បង្គាប់ ដើម្បីសំដែងសេចក្ដីមេត្ដាករុណាដល់ពួកគេគ្រប់គ្នា។
33. សេចក្ដីសប្បុរស ប្រាជ្ញា និងចំណេះរបស់ព្រះជាម្ចាស់បរិបូរ ជ្រាលជ្រៅណាស់! គ្មានអ្នកណាអាចពិពណ៌នាអំពីការជំនុំជម្រះរបស់ព្រះអង្គបានទេ ហើយក៏គ្មានអ្នកណាអាចយល់អំពីមាគ៌ារបស់ព្រះអង្គបានដែរ
34. តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ដល់ព្រះអង្គដែរឬទេ?