12. បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត!
13. ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
14. ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។
15. បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
16. បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធដែរ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
17. យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ
18. នោះ ចូរកុំអួតអាងនឹងមែកទាំងនោះឡើយ ទោះបីអ្នកអួតអាងក៏ដោយ ក៏ចូរដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសចិញ្ចឹមអ្នកវិញ។
19. ពេលនោះអ្នកនឹងនិយាយថា មែកទាំងនោះត្រូវបានកាត់ចេញ ដើម្បីយកខ្ញុំផ្សាំជំនួស។
20. មែនហើយ ពួកគេត្រូវបានកាត់ចេញដោយសារគ្មានជំនឿ រីឯអ្នកវិញត្រូវបានភ្ជាប់ឲ្យជាប់ដោយសារជំនឿ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ប៉ុន្ដែចូរកោតខ្លាចវិញ
21. ដ្បិតបើព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផង នោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។
22. ចូរពិចារណាអំពីសេចក្ដីសប្បុរស និងភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះ ប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នក លុះត្រាតែអ្នកនៅជាប់នឹងសេចក្ដីសប្បុរសរបស់ព្រះអង្គ បើមិនដូច្នេះទេ អ្នកក៏ត្រូវកាត់ចេញដែរ
23. ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរ បើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេ ព្រះជាម្ចាស់នឹងផ្សាំពួកគេវិញ ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។