គម្ពីរសញ្ញាថ្មី

រ៉ូម 10:6-17 Khmer Christian Bible (KCB)

6. ឯ​សេចក្ដី​សុចរិត​ដែល​មាន​ដោយសារ​ជំនឿ​វិញ​ មាន​ចែង​ដូច្នេះ​ថា​ កុំ​ឲ្យ​អ្នក​គិត​ក្នុង​ចិត្ដ​ថា​ តើ​អ្នកណា​នឹង​ឡើង​ទៅ​ស្ថានសួគ៌​បាន​ [គឺ​ថា​ដើម្បី​នាំ​ព្រះគ្រិស្ដ​ចុះមក]?​

7. ឬ​តើ​អ្នកណា​នឹង​ចុះ​ទៅ​ក្នុង​រណ្ដៅ​នរក​ [គឺ​ថា​ដើម្បីនាំ​ព្រះគ្រិស្ដ​ចេញ​ពី​ចំណោម​ពួក​មនុស្ស​ស្លាប់]?​

8. តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច?​ គឺ​ចែងថា៖​ «ព្រះបន្ទូល​នៅ​ក្បែរៗ​អ្នក​នេះ​ឯង​ គឺ​នៅ​ក្នុង​មាត់​របស់​អ្នក​ និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក»​ នោះ​ហើយ​ជា​ព្រះបន្ទូល​អំពី​ជំនឿ​ដែល​យើង​កំពុង​ប្រកាស​

9. ព្រោះបើ​មាត់​របស់​អ្នក​ប្រកាស​ថា​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​ ហើយ​ជឿ​នៅ​ក្នុង​ចិត្ត​ថា​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ នោះ​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

10. ដ្បិត​មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ចិត្ដ​ដែល​ជឿ​ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​មាត់​ដែល​ប្រកាស​

11. ព្រោះ​បទគម្ពីរ​ចែង​ថា៖​ «អ្នកណា​ក៏ដោយ​ដែល​ជឿ​ព្រះអង្គ​ អ្នក​នោះ​នឹង​មិន​ខក​ចិត្ដ​ឡើយ»។​

12. ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​

13. ព្រោះ​អ្នកណា​ក៏ដោយ​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14. ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​

15. តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​

16. ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ​ ព្រោះ​លោក​អេសាយ​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​សេចក្ដី​ប្រកាស​របស់​យើង?»​

17. ដូច្នេះ​ ជំនឿ​កើត​មកពី​ការឮ​ ហើយ​ការ​ឮ​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​

សូមអានជំពូកពេញលេញ រ៉ូម 10