គម្ពីរសញ្ញាថ្មី

រ៉ូម 10:10-21 Khmer Christian Bible (KCB)

10. ដ្បិត​មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ចិត្ដ​ដែល​ជឿ​ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​មាត់​ដែល​ប្រកាស​

11. ព្រោះ​បទគម្ពីរ​ចែង​ថា៖​ «អ្នកណា​ក៏ដោយ​ដែល​ជឿ​ព្រះអង្គ​ អ្នក​នោះ​នឹង​មិន​ខក​ចិត្ដ​ឡើយ»។​

12. ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​

13. ព្រោះ​អ្នកណា​ក៏ដោយ​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14. ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​

15. តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​

16. ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ​ ព្រោះ​លោក​អេសាយ​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​សេចក្ដី​ប្រកាស​របស់​យើង?»​

17. ដូច្នេះ​ ជំនឿ​កើត​មកពី​ការឮ​ ហើយ​ការ​ឮ​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​

18. ប៉ុន្ដែ​ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​មិន​ដែល​ឮ​ទេ​ឬ?​ ទេ​ ពួកគេ​បាន​ឮ​ប្រាកដ​ណាស់​ «សំឡេង​នោះ​បាន​លាន់​ពាសពេញ​ផែនដី​ ហើយ​ពាក្យ​សំដី​ក៏​ឮ​ដល់​ចុង​បំផុត​នៃ​ផែនដី​ទៀត​ផង»។​

19. ហើយ​ខ្ញុំ​សូម​សួរ​ទៀត​ថា​ តើ​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ដឹង​ទេ​ឬ?​ លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ច្រណែន​ដោយសារ​មនុស្ស​ដែល​មិន​ដឹង​ជា​ជនជាតិ​ណា​មួយ​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខឹង​ដោយសារ​ជនជាតិ​មួយ​ដែល​គ្មាន​ប្រាជ្ញា»។​

20. រីឯ​លោក​អេសាយ​វិញ​មាន​ចិត្ដ​ក្លាហាន​ ហើយ​គាត់​បាន​ថ្លែង​ថា៖​ «យើង​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​ស្វែង​រក​យើង​បាន​ឃើញ​យើង​ ព្រមទាំង‍​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​សួរ​រក​យើង​ឃើញ​យើង​ដែរ»។​

21. ហើយ​គាត់​បាន​ថ្លែង​អំពី​ជនជាតិ​អ៊ីស្រាអែល​ថា៖​ «យើង​បាន​លូក​ដៃ​របស់​យើង​ពេញ​មួយ​ថ្ងៃ​ទៅ​ឯ​ជនជាតិ​មួយ​ដែល​មិន​ស្ដាប់បង្គាប់​ ហើយ​ចេះតែ​ប្រឆាំង»។​

សូមអានជំពូកពេញលេញ រ៉ូម 10