1. បងប្អូនអើយ! ចិត្ដប្រាថ្នារបស់ខ្ញុំ និងការអធិស្ឋានទូលសុំដល់ព្រះជាម្ចាស់សម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ
2. ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ
3. ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ
4. ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។
5. លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង
6. ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ មានចែងដូច្នេះថា កុំឲ្យអ្នកគិតក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន [គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]?
7. ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក [គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]?
8. តើបទគម្ពីរចែងយ៉ាងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯង គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស
9. ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។
10. ដ្បិតមនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារចិត្ដដែលជឿ ហើយបានទទួលសេចក្ដីសង្គ្រោះដោយសារមាត់ដែលប្រកាស
11. ព្រោះបទគម្ពីរចែងថា៖ «អ្នកណាក៏ដោយដែលជឿព្រះអង្គ អ្នកនោះនឹងមិនខកចិត្ដឡើយ»។
12. ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នា ហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ