គម្ពីរសញ្ញាថ្មី

រ៉ូម 1:5-13 Khmer Christian Bible (KCB)

5. ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​

6. អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ព្រះយេស៊ូ​គ្រិស្ដ​បាន​ត្រាស់ហៅ​ដែរ‍។​

7. ជូន​ចំពោះ​បងប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​នៅ​ក្នុង​ព្រះជាម្ចាស់​ ដែល​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម។​ សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​

8. ជា​បឋម​ ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ពាសពេញ​ពិភពលោក​

9. ហើយ​ព្រះជាម្ចាស់​ ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ជា​សាក្សី​របស់​ខ្ញុំ​ថា​ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​រាល់គ្នា​

10. ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ ដោយ​ទូល​សូម​ឲ្យ​ម្ដង​នេះ​ ខ្ញុំ​អាច​មក​លេង​អ្នក​រាល់គ្នា​បាន​នៅ​ទី​បំផុត​ ដោយ​វិធិ​ណា​មួយ​ តាម​បំណង​របស់​ព្រះជាម្ចាស់។​

11. ដ្បិត​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ចែក​អំណោយទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រឹងមាំ​

12. គឺ​ឲ្យ​យើង​បាន​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ ពេល​នៅ​ជាមួយ​គ្នា​ តាមរយៈ​ជំនឿ​របស់​យើង​ម្នាក់ៗ​ គឺ​ទាំង​ជំនឿ​របស់​អ្នក​រាល់គ្នា​ និង​របស់​ខ្ញុំ។​

13. បងប្អូន​អើយ​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មាន​គម្រោង​មក​លេង​បងប្អូន​ច្រើនដង​មក​ហើយ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​នៅ​ក្នុង​ចំណោម​ជនជាតិ​ផ្សេង​ទៀត​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​បាន​រាំងរា​រហូត​ដល់​ពេល​នេះ។​

សូមអានជំពូកពេញលេញ រ៉ូម 1