4. ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង
5. ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
6. អ្នករាល់គ្នាក៏នៅក្នុងចំណោមពួកអ្នកដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅដែរ។
7. ជូនចំពោះបងប្អូនជាទីស្រឡាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម។ សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។
8. ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសប្រាប់ពីជំនឿរបស់អ្នករាល់គ្នាពាសពេញពិភពលោក
9. ហើយព្រះជាម្ចាស់ ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ជាសាក្សីរបស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា
10. ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដោយទូលសូមឲ្យម្ដងនេះ ខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុត ដោយវិធិណាមួយ តាមបំណងរបស់ព្រះជាម្ចាស់។
11. ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នា ដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
12. គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ពេលនៅជាមួយគ្នា តាមរយៈជំនឿរបស់យើងម្នាក់ៗ គឺទាំងជំនឿរបស់អ្នករាល់គ្នា និងរបស់ខ្ញុំ។
13. បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរ ប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។
14. ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ
15. ដូច្នេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។
16. គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេ ព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
17. ដ្បិតនៅក្នុងដំណឹងល្អ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿ ហើយឲ្យជំនឿនោះចម្រើនច្រើនឡើង ដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។
18. សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌មកទាស់នឹងគ្រប់ទាំងការមិនកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីទុច្ចរិតរបស់មនុស្សដែលកំពុងបង្ខាំងសេចក្ដីពិតក្នុងសេចក្ដីទុច្ចរិត
19. ព្រោះអ្វីដែលអាចធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បាន គឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយ ដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។
20. តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។