20. តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
21. ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត
22. ពួកគេអះអាងថាខ្លួនឯងមានប្រាជ្ញា ប៉ុន្ដែពួកគេល្ងង់ទេ
23. ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
24. ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។
25. ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។
26. ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា
27. ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។
28. ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី
29. ដូច្នេះ ពួកគេពេញដោយសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីកំណាច ហើយពេញដោយសេចក្ដីឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ល្បិចកល និងគំនិតព្យាបាទទៀតផង។ ពួកគេជាមនុស្សនិយាយដើមគេ
30. មនុស្សនិយាយបង្ខូចគេ មនុស្សស្អប់ព្រះជាម្ចាស់ មនុស្សព្រហើន មនុស្សក្អេងក្អាង មនុស្សអួត មនុស្សបង្កើតការអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
31. មនុស្សមិនដឹងខុសត្រូវ មនុស្សមិនស្មោះត្រង់ មនុស្សគ្មានសេចក្ដីស្រឡាញ់ មនុស្សគ្មានសេចក្ដីមេត្ដា។
32. ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។