គម្ពីរសញ្ញាថ្មី

រ៉ូម 1:16-23 Khmer Christian Bible (KCB)

16. គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​

17. ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើកសំដែង​ដោយសារ​ជំនឿ​ ហើយ​ឲ្យ​ជំនឿ​នោះ​ចម្រើន​ច្រើន​ឡើង​ ដូច​មាន​ចែង​ទុក​ថា៖​ «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ»។​

18. សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌​មក​ទាស់​នឹង​គ្រប់​ទាំង​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំង​សេចក្ដី​ពិត​ក្នុង​សេចក្ដី​ទុច្ចរិត​

19. ព្រោះ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​បាន​ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ពួកគេ​ហើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ។​

20. តាំងពី​កំណើត​ពិភពលោក​មក​ លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើល​ឃើញ​ គឺ​ព្រះ​ចេស្ដា​ដ៏​អស់កល្ប​ និង​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។​ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

21. ​ទោះជា​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ​ ក៏​មិន​តម្កើងព្រះអង្គជា​ព្រះជាម្ចាស់​​​ ឬ​អរព្រះគុណ​ព្រះអង្គ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ​ ហើយ​ចិត្ដ​ល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​

22. ពួកគេ​អះអាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​

23. ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​

សូមអានជំពូកពេញលេញ រ៉ូម 1